លោកគ្រូអ្នកគ្រូនិង មន្រ្តីការិកាយល័យនៃមន្ទីរអប់រំយុវជននិងកីឡានៃខេត្តស្វាយរៀង ទទួលបានការបណ្តុះបណ្តាលការវាយតម្លៃថ្នាក់អប់រំកាយ
(ស្វាយរៀង)៖ លោកគ្រូអ្នកគ្រូដែលបង្រៀនមុខវិជ្ជាអប់រំកាយនិងកីឡាថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងមន្រ្តីការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង មកពីស្រុកគោលដៅចំនួន៣ រួមមាន ស្រុកស្វាយទាប ស្រុកស្វាយជ្រុំ និងស្រុករមាសហែក ទទួលបានការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីអំពី ការវាយតម្លៃថ្នាក់អប់រំកាយ ក្រោម គម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា ដែលជាកិច្ចសហការណ៍រួមគ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។
កញ្ញា យន់នេយ៉ាម៉ា ហារុកា អ្នកសម្របសម្រួលគម្រោងនៃអង្គការក្រៅ រដ្ឋាភិបាល បេះដូង មាស បានថ្លែងបញ្ជាក់ថា សិក្ខាសាលា ការសិក្សាវាយតម្លៃថ្នាក់អប់រំកាយ ដំណើររយៈពេល៣ថ្ងៃ បែងចែកជា២ ដោយថ្ងៃទី១ និងថ្ងៃទី២ បណ្តុះបណ្តាល សិក្ខាកាមគ្រូបង្រៀនកម្រិតបឋមសិក្សា ចំនួន៥៩នាក់រួមមានលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមន្រ្តីការិយាល័យនៃមន្ទីរអប់រំយុវជន ។សម្រាប់ទី៣ សិក្ខាកាមចូលរួម១៣នាក់ សុទ្ធសឹងជាលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ ដែលបង្រៀនមុខវិជ្ជាអប់រំកាយ។
កញ្ញា បានបញ្ជាក់ទៀតថា សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ សិក្ខាកាមត្រូវបានចែករំលែកលើវត្ថុបំណងចំនួន៤ រួមមាន៖ វត្ថុបំណងទី១ ក្រុមការងារ បានរៀបចំនូវវគ្គស្តីពី “ការពន្យល់ពីបំណែងចែកកម្មវិធីសិក្សាឬផែនការប្រចាំឆ្នាំ ផែនការលម្អិតតាមកម្រិតថ្នាក់ឬផែនការមេរៀន កិច្ចតែងការបង្រៀន និងការពិភាក្សាក្រុមនិងការឡើងធ្វើបទបង្ហាញពីរបៀបនៃការសរសេរកិច្ចតែងការបង្រៀន”។ វត្ថុបំណងទី២ បានបង្កើតវគ្គស្តីពី “ថ្នាក់គំរូ៖ មុខវិជ្ជារងបាល់ទះ ថ្នាក់ទី២ និងមុខវិជ្ជារងអត្តពលកម្ម ថ្នាក់ទី២”។វត្ថុបំណងទី៣ បានរៀបចំវគ្គស្តីពី “វីដេផ្សព្វផ្សាយអប់រំកាយ-ការធ្វើកម្រងសំណួរអំពីវីដេអូ“។ វត្ថុបំណងទី៤ បានដាក់នូវវគ្គស្តីពី “ការពន្យល់ពីគម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា ស្តង់ដាសាលាគំរូផ្តោតទទៅលើលទ្ធផលសិក្សាមុខវិជ្ជាអប់រំកាយនៅកម្ពុជា សំណួរនិងចម្លើយពីសិក្ខាកាមទៅកាន់គ្រូឧទ្ទេសថ្នាក់ជាតិ និងការធ្វើកម្រងសំណួររបស់សិក្ខាកាម“។
ដោយ ឡែក សិក្ខាកាម លោក ប្រុញ ម៉ាន្នី មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុករមាសហែក និង លោក ឥន ចាន់ដារ៉ា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្វាយជ្រុំ និង ញឹម បូរាណ មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានលើកឡើងថា សិក្ខាសាលានេះ ពិតនេះពិតជាល្អខ្លាំងណាស់ ព្រោះវាបានជួយពង្រឹងសមត្ថភាពបន្ថែម ជួយឱ្យគ្រូៗអប់រំកាយកាន់តែមានសមត្ថភាពក្នុងការអនុវត្តកម្មវិធីអប់រំកាយបែបថ្មី ។
សូមបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលការសិក្សាវាយតម្លៃថ្នាក់អប់រំកាយ មានរយៈពេល៣ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន៧២នាក់ មកពីបឋមសិក្សានិងមន្រ្តីការិយាល័យចំនួន៥៩នាក់ និងមកពីអនុវិទ្យាល័យចំនួន១៣នាក់ មកពីស្រុកគោលដៅចំនួន៣ មានស្វាយទាប ស្រុកស្វាយជ្រុំ និងស្រុករមាសហែក៕
រូបថតដោយ ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស
អត្ថបទ ៖ ជាវ ចន្ធូ