ព្យុះស៊ីក្លូន Dana វាយលុកឥណ្ឌា មនុស្សជាង ១លាននាក់បង្ខំចិត្តភៀសខ្លួនជាបន្ទាន់

ញូវដែលី ៖ ព្យុះស៊ីក្លូនត្រូពិច Dana នៅថ្ងៃសុក្រនេះ បង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់បោកខ្លាំង វាយប្រហារផ្នែកខ្លះនៃភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

មុនព្យុះនេះមកដល់ អាជ្ញាធរឥណ្ឌាបានជម្លៀសមនុស្សជាង ១.១លាននាក់ បិទសាលារៀន និងលុបចោលសេវារថភ្លើង និងជើងហោះហើរនៅផ្នែកខ្លះនៃប្រទេស។
មជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួម ហៅកាត់ (JTWC) រាយការណ៍ថា ព្យុះស៊ីក្លូនត្រូពិច Dana បានវាយប្រហារនៅតាមបណ្តោយឆ្នេរភាគខាងជើងនៃរដ្ឋ Odisha ជាមួយកម្លាំងខ្យល់បក់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះបានបង្កជាជំនន់ទឹកភ្លៀងមានកម្ពស់ចន្លោះពី ៥០ទៅ១៥០មីលីម៉ែត្រនៅទូទាំងរដ្ឋ Odisha និង West Bengal ហើយត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់បំផុតដល់ទៅ ១៦០មីលីម៉ែត្រនៅក្នុងទីក្រុង Chandbali។ ភ្លាមៗនៅពុំទាន់មានសេចក្តីរាយការណ៍ អំពីទំហំខូចខាត ឬក៏មនុស្សស្លាប់ ឬរងរបួសនៅឡើយទេ។

យោងតាមការចេញផ្សាយដោយកាសែតបារាំង AFP បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់ (MET) បានចេញការព្រមាន អំពីការធ្លាក់ភ្លៀងក្នុងកម្រិតពណ៌ក្រហម ជាកម្រិតខ្ពស់បំផុតនៅផ្នែកខ្លះនៃរដ្ឋ Odisha និង West Bengal ផងដែរ។

ជាមួយគ្នានេះ ក្រុមផ្តល់ជំនួយ និងក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ ដែលងាយនឹងរងគ្រោះពីការវាយប្រហាររបស់ព្យុះស៊ីក្លូន និងខ្យល់ព្យុះ ខណៈដែលរដ្ឋាភិបាលបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីដោះស្រាយស្ថានការណ៍។

ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា គឺងាយនឹងកើតមានព្យុះស៊ីក្លូនជាយូរមកហើយ ប៉ុន្តែចំនួនព្យុះកំណាចៗកំពុងកើនឡើងនៅតាមឆ្នេរសមុទ្ររបស់ប្រទេស។
ជាក់ស្តែងកាលពីឆ្នាំ២០២៣ ដែលជារដូវព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានសម្លាប់មនុស្សចំនួន ៥២៣នាក់ និងបំផ្លាញសេដ្ឋកិច្ចប្រហែល ២.៥ពាន់លានដុល្លារ៕

ប្រភព៖ CNN និង AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner