សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា
កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជាង ២០លាន ដុល្លារអាមេរិកគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាង ២លាន ១សែន ដុល្លាអាមេរិក ដែលមានរយៈពេលអនុវត្តគម្រោងចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២” ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា “គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ក្នុងនោះសាងសង់អគារសិក្សា ២៣ខ្នង មាន ២៩៩បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត។
សាងសង់អគារធនធាន ១៧ខ្នង ដែលមានបំពាក់សម្ភារៈ បំពាក់គ្រឿងសង្ហារិមនៅគ្រប់បន្ទប់ និងមានតម្លើងប្រព័ន្ធសម្លេងនៅបន្ទប់ប្រជុំ ចំនួន១៧ បំពាក់កុំព្យូទ័រលើតុ ៣៤បន្ទប់ មានចំនួន ៥៤៤គ្រឿង ម៉ាស៊ីនបោះពុម្ព ចំនួន៣៤គ្រឿង សៀវភៅអាន ៦០១ចំណងជើង មានចំនួន ៥១.៦៤៦ សៀវភៅ, អក្សរសិល្ប៍ខ្មែរ-កំណាព្យ អក្សរសាស្ត្រខ្មែរ រឿងនិទាន និងប្រជុំរឿងព្រេងប្រវត្តិសាស្ត្រ-ជីវប្រវត្តិ សុភាសិតបុរាណ អរិយធម៌-វប្បធម៌-សិល្បៈ ឧបករណ៍តន្ត្រី-ភ្លេង របាំល្បែងប្រជាប្រិយខ្មែរ និងល្ខោនខ្មែរ គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា កុំព្យូទ័រ កេហកិច្ច សុខភាព-វេជ្ជសាស្ត្រ ផ្សេងៗ កសិកម្ម-សត្វ សៀវភៅភាសាបារាំង អង់គ្លេស ច្បាប់ហិរញ្ញវត្ថុ រូបវិទ្យា រឿងប្រលោមលោក វចនានុក្រម ភូមិវិទ្យា ផែនដីវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម សិលធម៌ និងពលរដ្ឋវិទ្យា ទស្សនវិទ្យា ទេសចរណ៍ និងបរិស្ថាន ។
បំពាក់ឧបរណ៍ពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា(រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) ចំនួន ៣៤បន្ទប់ សាងសង់អគារអន្តេវាសិកដ្ឋាន ១ខ្នង មាន៤៨ បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញទឹកស្អាត សាងសង់ផ្ទះសំណាក់គ្រូបង្រៀន ៥ខ្នង មាន ១៥បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី (ស្នាក់នៅបាន ៥៥នាក់)សាងសង់បង្គន់អនាម័យ ៣២ខ្នង មាន១៦០បន្ទប់ និងអណ្តូងទឹកស្អាត ២៣កន្លែង សាងសង់តារាងបាល់ទាត់ចំនួន ៨កន្លែង និងតារាងបាល់បោះចំនួន ១៥កន្លែង សាងសង់របងឥដ្ឋបេតុងប្រវែង ៦៤០ម៉ែត្រ និង ផ្លូវបេតុង ប្រព័ន្ធរំដោះទឹកប្រវែង ៧៥០ម៉ែត្រ ។
សូមជំរាបថា គម្រោងនេះបានអនុវត្តតាមវិធីសាស្ត្រគ្រប់គ្រងគម្រោងតាមនិតិវិធីក្នុងស្រុក។ ភាគីកម្ពុជាទទួលបន្ទុកក្នុងការសិក្សា សមិទ្ធិលទ្ធភាព រចនាគម្រោង រៀបចំការដេញថ្លៃ និងត្រួតពិនិត្យការងារសាងសង់ ព្រមទាំងទទួលបន្ទុករាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងការងារទាំងអស់នេះ។
ភាគីកម្ពុជាទទួលបន្ទុកផងដែរក្នុងការជួយសម្រួលដល់ភាគីចិនលើការបំពេញបែបបទចេញ-ចូល និងស្នាក់នៅរបស់អ្នកគ្រប់គ្រងគម្រោងចិន។ ភាគីចិនបានផ្តល់គណៈកម្មការគ្រប់គ្រងគម្រោងចិន (CPMC) ដែលទទួលបន្ទុកក្នុងការវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ដែលរៀបចំដោយភាគីកម្ពុជា និងឯកភាពលើការវិនិយោគគម្រោង ការចំណាយក្នុងការសាងសង់ក្រោមទំហំពិដានហិរញ្ញប្បទាន ព្រមទាំងចាត់តាំងក្រុមហ៊ុនគ្រប់គ្រង ដើម្បីទទួលបន្ទុកក្នុងការត្រួតពិនិត្យបន្ថែមលើគម្រោង។
ក្រៅពីការជួយអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏បានគាំទ្រដល់ក្រុមការងារ អនុវត្ត គម្រោងអភិវឌ្ឍន៍ បច្ចេកវិទ្យា ព័ត៌មាន និងសារ គមនាគមន៍សម្រាប់ការ អប់រំនៅកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ