ក្រសួងប្រៃសណីយ៍ពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិក ជាសិក្ខាកាម ឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី​សិក្ខាសាលា​បើកវគ្គបណ្ដុះ បណ្ដាល ស្តីពីគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅ​សណ្ឋា​គារសាន់វ៉េ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិក និង​តំណាងថ្នាក់ដឹកនាំមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ និងគ្រឹះស្ថានវិស័យ​ហិរញ្ញ​វត្ថុសរុប ៦៥រូប។

ឯកឧត្តម ខូវ មករា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់តាមរយៈ ការរៀបចំលំហាត់សមឆ្លើយតប​ទៅនឹង​ឧប្បត្តិហេតុសន្តិសុខសាយប័រពាក់ព័ន្ធនឹងការបែកធ្លាយទិន្នន័យស្ថាប័ន (data breach) ការឆ្លងមេរោគចាប់ជំរិត (ransomware) និងការជ្រៀត​ចូល​ប្រព័ន្ធរបស់ស្ថាប័នតាមរយៈការវាយប្រហារលើខ្សែសង្វាក់អភិវឌ្ឍកម្មវិធី (supply chain attack)។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមហាត់សម​ក្នុង​លំហាត់​ថ្ងៃនេះ សិក្ខាកាមអាចស្វែងយល់អំពីសមត្ថភាពរបស់ខ្លួន បង្កើនទំនាក់ ទំនងនិងសហការគ្នា ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្ត និងសកម្មភាពមួយ​ចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការឆ្លើយតប ទៅនឹងឧប្បត្តិហេតុសាយប័រដែលអា​ច​កើតមានឡើងក្នុងស្ថាប័ន។

ឯកឧត្តម ខូវ មករា បានរំលឹកឡើងវិញថា ក្នុងក្របខណ្ឌ នៃគម្រោងលើកកម្ពស់​សមត្ថភាព​ភាពធន់នៃសន្តិសុខសាយប័រកម្ពុជា ដែលក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានអនុវត្តន៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិ​ជប៉ុន​ហៅកាត់ថា (JICA) បានចាប់ផ្តើមអនុវត្តន៍អស់រយៈពេលជាង១ឆ្នាំមកហើយ ហើយជាផ្លែផ្កាដែរមាន គឺកន្លងមកនេះ មានរៀបចំសិក្ខាសាលា ជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានទាញនៅចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺការងារនេះ មានចរិតលក្ខណះខុសផ្លែកពីការងារផ្សេងទៀត ដោយការកសាង​សម្ថភាព គឺមិនអាចធ្វើឡើងត្រឹមរយះពេលតែ១ឆ្នាំបាននោះទេ ហើយក៏មិនអាចដោះ​ស្រាយបានត្រឹមតែ១ខែ រឺ១ឆ្នាំបានដែរ ដោយសារបច្ចេកវិទ្យាមានការវិវឌ្ឍន៍ជាប្រចាំ ស្ថានភាពហានិភ័យមានការផ្លាស់ប្តូរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានមានប្រសាសន៍ថា ក្រោម​ការ​ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ ចេញ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុង​ការគ្រប់​គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាព​ពី​ការរីក​ចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួត​ប្រជែង​ជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាព​ការងារ ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះស្ថិតក្នុងគម្រោងលើក កម្ពស់ភាពធន់ នៃសន្តិ​សុខ​សាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបាន​ជំនួយបច្ចេក​ទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner