ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ប្រារព្ធនៅខេត្តសៀមរាបថ្ងៃសៅរ៍នេះ

ភ្នំពេញ៖អ្នកធ្វើដំណើរទៅកម្សាន្ដនៅខេត្តសៀមរាបនៅថ្ងៃទី២៦ ខែតុលា ឬនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤ កុំភ្លេចចូល​ទស្សនា ឬភ្លក្ស​ម្ហូបអាហារកម្ពុជា-ចិន ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week)ដែលដាក់តាំង​នៅបរិវេណមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប។ព្រឹត្តិការណ៍​នេះមានរយៈពេលថ្ងៃចាប់នៅថ្ងៃទី២៦ -២៧ ខែតុលា មានការ​ចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់​ប្រទេសកម្ពុជា-ចិន។

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាបនិងស្ថានទូតសាធារណរដ្ឋ​ប្រជា​មានិតចិនប្រចាំកម្ពុជា បានរៀបចំព្រឹត្តិ​ការណ៍​នេះឡើង។ក្រសួងទេសចរណ៍បានឱ្យដឹងថា ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន មានស្តង់តាំងបង្ហាញសរុបប្រមាណ១០០ស្តង់ ។ ក្រៅ​ពីនេះក៏​មាន​សិក្ខាសាលា​ម្ហូបអាហារ (Gastronomy Conference) ក្រោម​ប្រធានបទ “Good Food for All” ក្រោមវត្តមាន​វាគ្មិនល្បីៗមក​ចែករំលែកបទពិសោធន៍ស្តីពីម្ហូបអាហារកម្ពុជា និងចិន។

ព្រឹត្តិការណ៍នេះដែរក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូបនិងលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជាចិនដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជាក៏ដូចជាចូលរួមលើកតម្កើងវប្បធម៌អរិយធម៌ប្រពៃណីម្ហូបអាហារនិងរសជាតិនិងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនព្រមទាំងពង្រឹងការទំនាក់​ទំនងនិង​កិច្ចសហ​ប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋឯកជនកម្ពុជាចិននិងបន្តជំរុញយុទ្ធនាការ​ផ្សព្វផ្សាយ“ឆ្នាំនៃ​ការផ្លាស់ប្តូរប្រជាជននិងប្រជា​ជនកម្ពុជាចិន២០២៤”ព្រមទាំងយុទ្ធនាការ“ឆ្នាំទស្សនាសៀមរាប២០២៤”សំដៅទាក់ទាញ​ទេសចរនិងវិនិយោគិនចិន​ឱ្យមកទស្សនានិង​វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner