ដំណើរទស្សនកិច្ចប៉ែកឦសានមិនថមថយ

ភ្នំពេញ៖ដូចកាលពីចុងសប្តាហ៍មុនៗ​ដែរ នៅថ្ងៃ​សៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះប្រជាពលរដ្ឋចំនួន២០០នាក់បានធ្វើ​ដំណើរ​ប្រកបដោយទឹកមុខរំភើបនិង​សប្បាយរីករាយ​តាមរថយន្តចំនួន១៣​គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់​ក្រវាត់ព្រំដែននៅប៉ែកឦសាន​នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។នេះជាការបញ្ជាក់របស់​ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាមន្រ្តី​អ្នក​នាំពាក្យ​ក្រសួងព័ត៌មាន។

អ្នកនាំពាក្យបានបញ្ជាក់ថា ដំណើរទស្សនកិច្ចពលរដ្ឋបាន​អញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោល​ព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ។ លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវ​ស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំង​វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា ក្រោយពីបានចុះពិនិត្យនិងបាន​ទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌល​គិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញ​វិញនាល្ងាចនៃសៅរ៍ដដែលនេះ។

នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរ​លើកទី១ ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា (៧កញ្ញា)​ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុបចំនួន១.៣១១ នាក់។
ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើក​ដែលមានក្រសួងព័ត៌មាន​ជាអ្នកសម្របសម្រួល​បានជូនប្រជាពលរដ្ឋទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់​ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។

សូមបញ្ជាក់ជូនថាសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃ​ចំនួនអ្នកចុះឈ្មោះ ដែលក្រុម​ការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣.៥០០នាក់ ហើយ។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ និងដោយអនុវត្តគោលការណ៍ចុះឈ្មោះមុន បានចូលរួមក្នុងដំណើរ​ទស្សនកិច្ចមុន។
ដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋ​ក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានចូលរួម ដោយបានបញ្ជាក់គ្រប់ៗគ្នាថា​បានទទួលនូវបទពិសោធន៍ដ៏ល្អនិង​ប្រកបដោយ​សុវត្ថិភាពពីដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិល​ជុំវិញបញ្ហា​ព្រំដែននាពេលកន្លងមក ព្រោះដំណើរទស្សនកិច្ចនេះបានបង្កើត​សក្ខីកម្ម​រស់របស់ប្រជាពលរដ្ឋដោយ​ប្រជាពលរដ្ឋ​ខ្លួនឯងផ្ទាល់ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងឥតប្រកែកបានពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជាបានយ៉ាងគត់ហ្មត់និង​ប្រកបដោយការការពារ​យ៉ាងពេញលេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គម​សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនា​សម្ព័ន្ធក្នុង​តំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅ​របស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។

អដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកល​លោក​ឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹក​ដីសូម្បី១​មីលីម៉ែត្រ​សោះឡើយ។ នេះបើតាមអ្នកនាំពាក្យគូសរំលេច។

លោកបន្តថា ក្នុងន័យនេះដែរ ប្រជាជនកម្ពុជានឹងបន្តរួមកំលាំង​សាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយម​ក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែក​ក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បី​កំណើន​សេដ្ឋកិច្ច។

គប្បីជម្រាបជូនថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការ​ចំណាយ​គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner