ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ទរួមគ្នាពិភាក្សាលើស្តង់ដា “ភូមិទេសចរណ៍គំរូ”

ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើ​ការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដា “ភូមិទេសចរណ៍គំរូ” ដែល​នេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាបឯកឧត្តម ជុក ជំនោរ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេស​ចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចថា ការ​រៀបចំ​​ឱ្យ​មានស្តង់ដា “ភូមិទេសចរណ៍គំរូ” គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែក​ធ្វើ​ពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់​ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍​ដ៏មាន​ភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្ម ផលិតផលទេស​ចរណ៍របស់រាជរដ្ឋា​ភិបាល​កម្ពុជា និងជំរុញការតភ្ជាប់ ទៅកាន់តំបន់​ជនបទផងដែរ។

ការរៀបចំនូវសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នេះ ឯកឧត្តម ជុក ជំនោរ បានប្រាប់ថាធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន២ គឺទី១.​យោងតាមអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងទី២.យោងទៅតាមគោលនយោបាយទេសចរណ៍ជាតិ​ក្នុងការ​អភិវឌ្ឍ​នូវកសិទេសចរណ៍ នៅតាមតំបន់ជនបទចូលរួមក្នុងការធ្វើ​ឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅ​តាម​មូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង “ផែនទីចង្អុលផ្លូវ” របស់​រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍​កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

បើតាមឯកឧត្តម ជុក ជំនោរ ដោយមានការយកចិត្តទុកដាក់​ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរ​ជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនៅ​មុនការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានរួមចំណែក​ប្រមាណ​ជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារ​យ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន​កម្ពុជា។

ឯកឧត្តមបន្ថែមថា “ភូមិទេសចរណ៍គំរូ” បានគំនិតផ្តួចផ្តើម​ដោយអង្គការទេសចរណ៍សហប្រជាជាតិ មានគោលបំណងធ្វើឱ្យវិស័យ​ទេសចរណ៍​ក្លាយជាកម្លាំងវិជ្ជមានសម្រាប់ការផ្លាស់ប្តូរការអភិវឌ្ឍ​នៅតំបន់ជនបទ និងសុខុមាលភាពសហគមន៍។ ជាពិសេស គឺរួម​ចំណែកដល់ការគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជា​ជាតិ។ សម្រាប់​កម្ពុជារាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ បានមើលឃើញ​យ៉ាងច្បាស់អំពីអត្ថបទប្រយោជន៍ដ៏ធំធេង​របស់ភូមិទេសចរណ៍គំរូ ក្នុងការបង្កើនចំណូលជាតិ។ ដោយឡែក នៅក្នុងខេត្តសៀមរាប ភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ក៏កំពុងប្រែក្លាយជាភូមិទេសចរណ៍គំរូ របស់អង្គការទេសចរណ៍សហប្រជាជាតិផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ភូមិព្រះដាក់ ជាភូមិបុរាណមួយ​ក្នុងស្រុក​បន្ទាយស្រី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ដោយសារភូមិនេះ​មានសភាពស្អាត និងមានការរៀបចំបានល្អជាពិសេសនៅតាមដងផ្លូវ ។ក្រៅតែអំពីភាពស្អាត​ភូមិព្រះដាក់​ក៏បានបន្សល់នូវទំនៀមទំលាប់​ប្រពៃណីជាច្រើនសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។

ក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយនោះ លោកអភិបាលរង​ខេត្តបានបញ្ជាក់ថា នៅថ្ងៃខាងមុខរដ្ឋបាលខេត្តគ្រោង នឹងរៀបចំតំបន់​ស្ទឹងសៀមរាបនិងតំបន់វត្តរាជបូណ៌ ជាតំបន់កម្សាន្តទីបីបន្ទាប់ពីតំបន់​អង្គរ និងតំបន់ផាប់ស្ទី្រត ផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner