ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ កិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពអប់រំក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសំណេះ​សំណាលជា​មួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សា​នៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅ​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការ​បារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធាន​មនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះ​ការខិតខំរបស់និស្សិតជ័យលាភីទាំងអស់ និងបានផ្តល់នូវអនុសាសន៍ ចែករំ​លែកនូវបទពិសោធន៍ និងរំលឹកអនុស្សាវរីយ៍ ក្នុងអំឡុងពេលដែល​ឯកឧត្តម​សាស្រ្តា​ចារ្យ កំពុងសិក្សានាពេលនោះ ដល់ក្មួយៗនិស្សិត ដើម្បីជាគន្លឹះក្នុងការសិក្សាដោយ​ត្រូវ៖ ថែរក្សាសុខភាព ពង្រឹងខ្លួន ខិតខំកត់ត្រា បង្កើតទំនាក់ទំនងឱ្យបានល្អ​អំឡុង​ពេលសិក្សានិងក្រោយសិក្សា និងត្រូវខិតខំឱ្យក្លាយជាធនធានសម្រាប់ប្រទេសជាតិ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិត​ជំនាន់ក្រោយ ។

សូម​ជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានកិច្ចសហ​ប្រតិ​បត្តិការជាមួយដៃគូជាតិ និងអន្តរជាតិចំនួន ៩៣ ស្ថាប័ន ព្រមទាំងការចូលរួម​ក្នុងបណ្តាញសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន ១៣បណ្តាញ, និងការ​ទទួលបាននូវចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមសាកលវិទ្យាល័យ ២០០ លើពិភព​លោកដែលចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ World University Ranking for Innovation (WURI) សម្រាប់ការងារផ្លាស់ប្តូរនិស្សិត និងបើកចំហរ។

គួរជម្រាបជូនថា សម្រាប់ឆ្នាំ២០២៤នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ១២៤នាក់ បានទទួលអាហារូបករណ៍ ទៅបន្តកម្មសិក្សាតាមឯកទេស​ផ្សេងៗគ្នាតាមបណ្តាមន្ទីរពេទ្យនានានៅប្រទេសបារាំង ក្នុងនោះមាន៖ អាហារូប​ករណ៍ DFMS ចំនួន ១០៤ នាក់ អាហារូបករណ៍ DFMSA ចំនួន ០៥ នាក់ អាហារូបករណ៍ Stage associé ចំនួន ១៥ នាក់ ។ កម្មវិធី DFMS/A នេះ គឺជាផ្នែកមួយនៃប្រពៃណី នៃកិច្ចសហប្រតិបត្តិការ​វេជ្ជសាស្ត្រ​រវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលមានរយៈពេលយូរអង្វែងមកហើយ ដោយនៅឆ្នាំ១៩៩៦ នៅពេលដែលកម្មវិធីនេះបានចាប់ផ្តើម មានតែនិស្សិត ៦នាក់ប៉ុណ្ណោះ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner