រោងម៉ាស៊ីនកិនស្រូវមួយនៅខេត្តបាត់ដំបង មានសមត្ថភាពនាំ​អង្ករទៅទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី

បាត់ដំបង៖ក្នុងចំណោមក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាច្រើន​ដែល​កំពុងធ្វើអាជីវកម្មនៅខេត្តបាត់ដំបង ក្រុមហ៊ុនហ្គោល​ដេនស្ដារ ក៏ជា​ក្រុមហ៊ុន​លេចធ្លោមួយដែរ។ហ្គោលដេនស្ដា​រ អាចមានសមត្ថភាពកិន​និង​នាំចេញអង្ករប្រណីតប្រមាណជាង៦​ម៉ឺនតោនក្នុងមួយឆ្នាំ នាំ​ចេញទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ។

រោងម៉ាស៊ី់នកិនស្រូវហ្គោលដេនស្ដារស្ថិត​ស្រុកថ្មគោល ខេត្តបាត់​ដំបង។ខណៈនេះរោងម៉ាស៊ីន​កំពុងតែមមាញឹកក្នុងការ​ប្រមូលទិញ​ស្រូវយកមកសម្ងួត និងកែច្នៃអង្ករប្រណីត សម្រាប់នាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស។

លោក រ៉ី រដ្ឋា ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនហ្គោដេនស្តារ បានឱ្យដឹងថាក្នុងរដូវប្រមូលផលស្រូវវស្សាឆ្នាំ២០២៤នេះ រោង​ម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារកំពុងមមាញឹកក្នុងការប្រមូលទិញស្រូវនិងសម្រិតសម្រាំងសម្រាប់នាំអង្ករចេញ។លោកថា​ក្នុងមួយឆ្នាំៗរោងម៉ា​ស៊ីនខ្នាតធំស្វ័យប្រវត្តិកម្មមួយនេះ អាចមានសមត្ថភាពផលិត និងនាំចេញអង្ករ​ប្រណិតប្រមាណជាង ៦ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ជាដើម។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវដដែលបន្ថែមថា រោងម៉ាស៊ីនរបស់លោក​ប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងខេត្ត​បាត់ដំបង , ខេត្តពោធិ​សាត់ និងខេត្តបន្ទាយមានជ័យ។ការប្រមូលទិញប្រមាណ ១ ៥០០តោន​ក្នុងមួយថ្ងៃ។ស្រូវដែលរោងម៉ាស៊ីន​របស់លោក​ប្រមូលទិញ គឺជាប្រភេទ​ស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវកំពុងតែមាន​តម្រូការទីផ្សារខ្ពស់។

ចំណែករោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារនេះទៀតសោត មានសមត្ថភាព ក្នុងការផលិត កែច្នៃ និងវេចខ្ចប់អង្ករនាំចេញ​ប្រមាណ​៥០០តោន ក្នុងមួយថ្ងៃ។លោក រដ្ឋា បន្តថា ក្រៅពីការនាំចេញ​ទៅកាន់ទីផ្សារខាងលើដូចជា សហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី និង​ប្រទេស​​ជិតខាងកម្ពុជានោះ ក្រុមហ៊ុននិងរោងម៉ាស៊ីនរបស់លោកកំពុង​តែពន្លឿនការរៀបចំបែបបទនីតិវិធី ដើម្បីពង្រីកទីផ្សារនាំចេញ​អង្ករប្រណីតទៅកាន់ទីផ្សារថ្មីនៅសហរដ្ឋអាមេរិក ផងដែរ។

លោក រ៉ី រដ្ឋា បញ្ជាក់ទៀតថា សម្រាប់រយៈពេល១០ខែឆ្នាំ២០២៤នេះ រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ បាននាំចេញអង្ករ ទៅកាន់​ទីផ្សារក្រៅប្រទេសបានជិត៥ម៉ឺនតោន ខណៈមានផែនការ​ពង្រីក​ខ្សែច្រវាក់ផលិតកម្ម និងដើម្បីបង្កើនសមត្ថភាព​ក្នុងការ​នាំចេញ​នៅឆ្នាំបន្តបន្ទាប់ទៀត។

រោងម៉ាស៊ីនក្រុមហ៊ុនហ្គោលដេនស្តារមិនត្រឹមតែជារួមចំណែកលើកស្ទួយការនាំចេញអង្ករប៉ុណ្ណោះទេ តែក៏បានផ្តល់ទីផ្សារការងារ​ដល់ប្រជាពលរដ្ឋក្នុងស្រុកដែរ។ក្រោយពីពង្រីកខ្លួន ក្នុងការបង្កើន​សមត្ថភាពផលិតអង្ករនាំចេញចាប់​តាំងពីឆ្នាំ២០១៩មក​បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវបានបង្កើតនូវការងារជូនប្រជាពលរដ្ឋបានប្រមាណ ៣០០នាក់។

ម្ចាស់រោងម៉ាស៊ីនខាងលើ ក៏បានសំណូមពរដល់រាជរដ្ឋាភិបាលផងដែរ ដោយបានលើកឡើងថា ក្នុងនាមវិស័យឯកជន លោកស្នើ​ដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យពិចារណាបន្តបញ្ចុះតម្លៃភ្លើង ដើម្បីជំរុញក្នុងការនាំចេញអង្ករ ជាពិសេសដើម្បីផ្ដល់​ឱកាស​ឱ្យរោងម៉ាស៊ីនបានបង្កើននូវប្រាក់ចំណូលជូនកម្មករនិងបង្កើនតម្លៃក្នុងការប្រមូលទិញស្រូវពី​ប្រជាកសិករ ។

សូមបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវ ហ្គោលដេនស្ដារ រ៉ាយស៍មីល អេនអ៊ីមផតអិចផត មានទីតាំង ស្ថិតនៅ​ភូមិកគោ ឃុំជ្រៃ ស្រុកថ្ម​គោល ខេត្តបាត់ដំបង។ រោងម៉ាស៊ីនកិនស្រូវ ហ្គោលដេនស្ដារបាន​កកើតឡើងតាំងពីឆ្នាំ១៩៨៥មកម៉្លេះ ។ពីមួយឆ្នាំទៅ​​មួយឆ្នាំ រោង​ម៉ាស៊ីនបានខិតខំពង្រីកនូវសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់នៅឆ្នាំ២០១៩។ រហូតមកដល់បច្ចុប្បន្នបានក្លាយ​ជារោង​ម៉ាស៊ីន​កិនស្រូវខ្នាត​ធំមួយនៅខេត្តបាត់ដំបងដែលបាននិងកំពុងតែរួម​ចំណែកយ៉ាង​សកម្ម លើការផលិត និងនាំ​ចេញអង្ករប្រណីតឆ្ពោះ​ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក​ម្ពុជា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner