ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរអាជ្ញាធរនិងកងកម្លាំងខេត្តសៀមរាបបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន
(សៀមរាប)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាបឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិន អាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាលត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនាខេត្តសៀមរាប។ ការត្រួតពិនិត្យ តាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម។ ការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការពិនិត្យនិងតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់ កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាល ពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។
ឯកឧត្តមអភសន្តិបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពល្អប្រសើរផ្នែកសន្តិសុខនេះ នឹងបន្តកើតមានតទៅទៀត ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ ព័ន្ធ ជាពិសេសពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស អាវភ្លៀង ចំនួន ៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាល ចំនួន ១ ០០០នាក់ ដោយក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល ផងដែរ៕
ដោយ / គ្រី សម្បត្តិ