អភិបាលខេត្តកំពង់ចាម​បានដាក់ចេញនូវទិសដៅ​បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដោយមិនបន្ធូរដៃ

កំពង់ចាម៖ដោយមិនបន្ធូរដៃ រដ្ឋបាលខេត្តកំពង់ចាម​បានដាក់​ចេញ​នូវទិសដៅ​បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានារួមមាន ការជួញដូរ​ចែកចាយ ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបន្តអនុវត្តផែនការ​សកម្មភាព​ជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង នៅគ្រប់មូលដ្ឋានក្នុង​ខេត្តកំពង់ចាម។​

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ របស់​ក្រសួងមហាផ្ទៃ​ក្រោមវត្តមាន​ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សាខេត្ត​កំពង់ចាម​ កាលពីចុងសប្ដាហ៍នេះឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​បានបញ្ជាក់ពី​ការបន្តចុះពង្រឹងនគរបាល​ប៉ុស្តិ៍រដ្ឋ​បាលឃុំ-សង្កាត់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាកម្លាំងបង្អែករបស់ប្រជាពលរដ្ឋ និងជាកម្លាំងស្នូលពិតនៃចលនាភូមិ-ឃុំ​មានសុវត្ថិភាព ។ជាមួយ​គ្នានោះការកសាងទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យបានសមរម្យ​ជាអង្គភាពរដ្ឋបាលបម្រើប្រជាជនក៏ជាអាទិភាពមួយដែរ។

ឯកឧត្តមអភិបាលខេត្ត​បានជំរុញដល់ការអនុវត្តយុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស ការធ្វើអាជីវកម្ម​លើមនុស្ស និងការធ្វើ​អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ។ពិសេសយកចិត្តទុកដាក់ស្រាវជ្រាវ បង្ក្រាបលើករណីរំលោភសេពសន្ថវៈ ដោយមិនមានការ​សម្រុះសម្រួល​ឡើយ ។

ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានបញ្ជាក់ក្នុងកិច្ច​ប្រជុំថា ​ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកប​ដោយ​គុណភាព តម្លាភាព បរិយាបន្នសង្គម និងរស់នៅប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង សុខដុមរមនាក្នុង​សហគមន៍​ដែល​មាន​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ ៕
ដោយ៖លី ពៅ

ads banner