ឯកឧត្តម គុជ បញ្ញាសា៖ ដំណើរកម្សាន្តក្រុមរថយន្ត Overland គឺជាការផ្សព្វផ្សាយតំបន់ទេសចរនៅភូមិភាគឥសាន្ត
(មណ្ឌលគីរី)៖ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមរថយន្ត Overland ជិត៣០០គ្រឿង បានធ្វើដំណើរមកកម្សាន្ត ខេត្តមណ្ឌលគីរី រយៈពេល៣ថ្ងៃពីថ្ងៃទី២៦ដល់ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរធម្មជាតិ និងអេកូរទេសចរនៅភូមិភាគឥសាន្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នេះជាការលើកឡើងក្នុងបទសម្ភាសន៍ នៅទំនប់អូរតេធិបតី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
លោក ម៉ាទីន វឌ្ឍន អ្នកសម្របសម្រួលរៀបចំដំណើរកម្សាន្ត Overland ភូមិភាគឦសាន បានអោយដឹងថា ដំណើរកម្សាន្តនេះ ចាប់ផ្តើមពីពហុកីឡដ្ឋានមរតកតេជោ ឆ្ពោះមកខេត្តមណ្ឌលគីរី ដោយមាន៧ក្រុមធំៗ រថយន្ត Overland សរុប២៨៥ គ្រឿង និងមនុស្សជាង១០០០នាក់ ។
លោក បន្តថា ដំណើរកំសាន្តខាងលើចែកចេញជា២ក្រុម ដោយក្រុមទី១ ប្រភេទរថយន្ត 4X4 ត្រូវធ្វើដំណើរ ទៅរមណីដ្ឋានទឹកជោះប៊ូស្រា ,ភ្នំណាមលៀ និងតាមខ្សែក្រវ៉ាត់ព្រំដែន រីឯក្រុមទី២ ប្រភេទរថយន្តតូច ធ្វើដំណើរទៅរមណីដ្ឋាន ភំ្នអណ្តូងស្នេហ៍ -,រមណីយដ្ឋានសមុទ្រឈើបាយឆៅ និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។
ឯកឧត្តម គុជ បញ្ញាសា មានប្រសាសន៍បន្តថា ក្នុងព្រឹត្តការណ៍ Overland ភូមិភាគឦសាន គឺជាការធ្វើដំណើរតាមយានយន្ត គឺជាការផ្សព្វផ្សាយ និងបញ្ជៀបការយល់ដឹងជាសាធារណៈ ពីតំបន់ទេសចរ រមណីដ្ឋានទេសចរ តំបន់ធម្មជាតិ និងហេដ្ឋារចនាសម័ន្ធប្រវត្តិសាស្រ្ត ដូចជា ទំនប់អូរតេធិបតី ដើម្បីជំរុញទេសចរក្នុងស្រុក ក៏ដូចជាជំរុញផលិតផលទេសចរថ្មីដែរ ជាពិសេសផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ដំណើរកម្សាន្តនេះ គឺជាការឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកទឹកចិត្តអោយប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តមកភូមិភាគឦសាន មើលពីហេដ្ឋារចនាសម័ន្ធ តំបន់អេកូទេសចរ តំបន់ធម្មជាតិ និងតាមក្រវ៉ាត់ព្រំដែនផងដែរ។
លោក ហេង សារ៉ា សមាជិកក្រុមរថយន្ត VKH Overland បានបង្ហាញភាពរីករាយ ដោយសារតាមផ្លូវធ្វើដំណើរមកនេះ មានហេដ្ឋារចនាសម័ន្ធមានភាពល្អណាស់ ដែលរាជរដ្ឋាភិបាលបានកសាងមកផ្លូវមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ រីឯអាកាសធាតុវិញត្រជាក់ ស្រស់ថ្លា ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ