Elon Musk កើនទ្រព្យ៣៣ពាន់លានដុល្លារក្នុងមួយថ្ងៃ
បរទេស៖ ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានកើនឡើងចំនួន ៣៣.៥ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ជាការកើនឡើងដ៏ធំបំផុត ក្នុងចំណោមមហាសេដ្ឋីកំពូល របស់ពិភពលោក។
ការកើនឡើងបំផុត កាលពីថ្ងៃព្រហស្បតិ៍ ជាហេតុនាំឲ្យលោក Musk នៅតែជាបុរស មានជាងគេបំផុត លើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៧០ពាន់លានដុល្លារ កើនឡើង ១៨% ចាប់តាំងពីដើមឆ្នាំ២០២៤ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី របស់កាសែត Bloomberg ។
ការកើនឡើងនេះត្រូវបានជំរុញដោយកំណើន ២២% នៅក្នុងភាគហ៊ុន Tesla ដែលឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៣ ពោលគឺបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន អំពីប្រាក់ចំណេញចំនួន ២.៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣។
Musk បានព្យាករណ៍ថា ការលក់ឡាន Tesla នឹងកើនឡើងពី ២០ ទៅ ៣០% នៅឆ្នាំក្រោយ។ លោកបានបន្ថែមថា រថយន្ត Cybertruck ស្ថិតក្នុងអាជីវកម្មរឹងមាំ ប្រចាំត្រីមាស ជាលើកដំបូង។ ភាគហ៊ុន Tesla គ្របដណ្តប់ប្រហែល ៧៥% នៃទ្រព្យសម្បត្តិសរុបរបស់ លោក Musk៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត