អ៊ីស្រាអែលផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់

បរទេស៖ បន្ទាប់ពីកំណត់គោលដៅ អ៊ីស្រាអែលបានផ្តើមវាយប្រហារទីតាំងយោធាជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដោយការណ៍នេះបង្ហាញពីការផ្លាស់ប្តូរចុងក្រោយបំផុត ក្នុងអរិភាពរវាងសត្រូវដ៏យូរអង្វែងទាំងពីរ ក្នុងជម្លោះ ដែលបានអូសបន្លាយ អស់ជាច្រើនខែ។

ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី ១ ខែតុលា បង្កឡើងដោយអ៊ីរ៉ង់ ដោយពេលនោះ ទីក្រុងតេអេរ៉ង់បានបាញ់កាំជ្រួចប្រហែល ២០០ គ្រាប់ ទៅកាន់អ៊ីស្រាអែល ទោះបីជាភាគច្រើន ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល ក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងការពារខ្លួន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់ទាហានយ៉ាងហោចណាស់ ៤នាក់ និងបានធ្វើឱ្យមានការភ័យខ្លាចបន្ថែមទៀត នៃសង្គ្រាមទ្រង់ទ្រាយធំ នៅមជ្ឈិមបូព៌ា។

អ៊ីស្រាអែលបានព្រមានវិញថា អ៊ីរ៉ង់នឹងបង់ថ្លៃយ៉ាងធ្ងន់ ប្រសិនបើខ្លួនឆ្លើយតបនឹងការវាយប្រហារនោះ ហើយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេសបានទាមទារឲ្យក្រុងតេអេរ៉ង់ កុំឱ្យជម្លោះ កាន់តែធ្ងន់ធ្ងរទៅទៀត។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ ដោយបង្ហាញពីការសង្ឃឹមថា «នេះគឺជាទីបញ្ចប់» បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដោយកត់សម្គាល់ថា «វាហាក់ដូចជា ពួកគេមិនបានវាយប្រហារអ្វី ក្រៅពីគោលដៅយោធានោះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner