កម្ពុជាកំពុងចរចាក្នុងដំណាក់កាលសំខាន់ដើម្បីនាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំចេញទៅកាន់ទីផ្សារប្រទេសចិន

(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទបានកំពុងធ្វើការចរចាជាមួយប្រទេស ចិន ដែលជាដំណាក់កាលមួយសំខាន់ដើម្បីធ្វើយ៉ាងណានាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំ ចេញទៅលក់ទីផ្សារប្រទេសចិន។នាពេលនេះស្ថិតនៅក្នុងដំណាក់កាលចរចាលើបច្ចេកទេស និងសង្ឃឹមថាអាចនាំចេញលក់ផលិតផលមួយនេះទៀតទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗថ្ងៃខាងមុខ។ ការចិញ្ចឹមត្រចៀកកាំយកសំបុកនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយសារសំបុកបក្សីប្រភេទនេះមានតម្លៃខ្ពស់ និងពេញនិយមពីសំណាក់អ្នកបរិភោគស្ទើរជុំវិញពិភពលោក។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋានគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនាចុងសប្តាហ៍នេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថានាពេលនេះការចរចាដើម្បីទិញសំបុកទឹកមាត់ត្រចៀកកាំក៏ដូចជាដំឡូងមីគឺស្ថិតនៅក្នុង ពិធីសារ បច្ចេកទេស ដែលមានន័យថា ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយពោលគឺក្រោយពីការចុះ ពិធីសារ រួចមកភាគីចិននឹងចុះមកពិនិត្យដល់ទីតាំងទាំងចំការធុរេន ផ្ទះត្រចៀកកាំ និង ទីតាំងវេចខ្ចប់ដើម្បីធ្វើការនាំចេញតែម្តង ។

លោក ស៊ុយ កុកធាន ប្រធាន សហគម ត្រចៀកកាំខ្មែរ បានឱ្យដឹងថា ៖ ប្រទេសចិនក៏បានជំរុញឱ្យពន្លឿននៃការនាំចូលសំបុកត្រចៀកកាំពីប្រទេសកម្ពុជា ។ ជាងនេះទៅទៀតប្រមាណ ៣ទៅ៤សប្តាហ៍កន្លងមកសមាគមត្រចៀកកាំខ្មែរក៏បានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ី ដើម្បីធ្វើការនាំចេញរួចមកហើយ ។ ក្រៅពីនេះកាលពីសប្តាហ៍មុនេះសមាគមរបស់លោកក៏បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានស្រាវជ្រាវនៅខេត្តហៃណាមប្រទេសចិនដើម្បីធ្វើការសម្របសម្រួលនាំចេញទៅខេត្តមួយនេះដូចគ្នា។

ប្រធាន សហគម ត្រចៀកកាំខ្មែររូបនេះបានលើកឡើងដែរថា ”ជារួមចំពោះដំណើរការចរចានាំសំបុកទឹកមាត់ត្រចៀកកាំទៅប្រទេសចិនទោះស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់សម្រេច តែ ឃើញដំណើរការនេះរាងល្អ ព្រោះខាងប្រទេសចិនគាំទ្រ ឱ្យមានការនាំចេញឱ្យបានឆាប់ ប៉ុន្តែយ៉ាងណាត្រូវធ្វើតាមនីតិវិធីរបស់គេផងដែរ”។

លោក ស៊ុយ កុកធាន បានឱ្យដឹងដែរថា៖នៅប្រទេសកម្ពុជាបច្ចុប្បន្នមានការធ្វើផ្ទះត្រចៀកកាំស្ទើរគ្រប់ខេត្ត ហើយលើកលែងតែមណ្ឌលគិរីដែលមានផ្ទះត្រចៀកកាំត្រឹមតែ២ទៅ៣ខ្នងផងដែរ។នៅកម្ពុជាបើតាមការប៉ាន់ស្មានការផលិតសំបុកត្រចៀកកាំគឺបានប្រមាណ ១០០តោនក្នុងមួយឆ្នាំ។
ទាក់ទិនទៅនឹងទីផ្សារតម្លៃត្រចៀកកាំទៅកាន់ប្រទេសចិនឃើញថាបច្ចុប្បន្នដោយសារប្រទេសមួយនេះសេដ្ឋកិច្ចបានធ្លាក់ចុះបន្តិចទើបធ្វើឱ្យតម្លៃត្រចៀកកាំនាំទៅកាន់ប្រទេសចិនបានធ្លាក់ចុះប្រមាណ១៥ភាគរយបើប្រៀបធៀបប៉ុន្មានខែមុនមកនេះ។សម្រាប់បច្ចុប្បន្ននេះការនាំសំបុកត្រចៀកកាំចេញក្រៅប្រទេសគឺមានតែក្រៅផ្លូវការប៉ុណ្ណោះ តែការនាំចេញលក់ជាផ្លូវការពុំទាន់មាននៅឡើយទេ។

ទាក់ទិនទៅនឹងការធ្វើអាជីវកម្មត្រចៀកកាំនាពេលបច្ចុប្បន្ននៅកម្ពុជាត្រូវបាន ប្រធានសមាគមត្រចៀកកាំខ្មែរបានលើកឡើងថាប្រព្រឹត្តិទៅល្អប្រសើរពីព្រោះថាកសិករខ្មែរដែលពុំសូវមានពេលវេលាអាចចិញ្ចឹមត្រចៀកកាំបានដោយសារវាពុំសូវការថែទាំច្រើន។ការចំណាយទៅលើអ្វីៗទៀតសម្រាប់ការចិញ្ចឹមត្រចៀកកាំក៏តិចដូចគ្នា។ការចិញ្ចឹមត្រចៀកកាំគឺជាមុខរបររកចំណូលបន្ថែមសម្រាប់គ្រួសារ។

លោក ស៊ុយ កុកធានបានប្រាប់ថា”សម្រាប់ការចិញ្ចឹមត្រចៀកកាំខ្នាតមធ្យមហើយមានផ្ទះជាស្រេចអាចចំណាយប្រមាណ៤ទៅ៥ម៉ឺនដុល្លារ។យ៉ាងណាក្តីបើកសិករចង់ចិញ្ចឹមសត្វត្រចៀកកាំត្រូវតែស្វែងយល់ឱ្យបានស៊ីជម្រៅ ឬអាចសិក្សាជាមួយសមាគមត្រចៀកកាំបានដើម្បីកុំឱ្យប្រឈមនៅពេលក្រោយ។ពីព្រោះថាការចិញ្ចឹមត្រចៀកកាំថា ងាយស្រួលក៏បានពិបាកក៏បាន ពីព្រោះថានៅលើពិភពលោកគឺមានប្រមាណ ៧០-៨០ ភាគរយហើយដែលបរាជ័យដោយសារគិតថាវាងាយតែតាមពិតធ្វើខុសបច្ចេកទេស នាំឱ្យប្រឈមខាតបង់”។
គួរបញ្ជាក់ថាបើតាមប្រធានសមាគមត្រចៀកកាំខ្មែររូបនេះបានឱ្យដឹងផងថា៖នៅកម្ពុជាការធ្វើផ្ទះត្រចៀកកាំច្រើនបំផុតគឺនៅខេត្តកោះកុង និងពេលបច្ចុប្បន្នអ្នកចិញ្ចឹមចាប់ផ្តើមរីកសាយភាយមកដល់អ្នករស់នៅតាមបឹងទន្លេសាបដូចជាខេត្តកំពង់ធំជាដើម ។ ក្នុងរយៈ ១០ឆ្នាំនេះតាមការប៉ាន់ប្រមាណកំណើន សត្វត្រចៀកកាំគឺកើនឡើងខ្លាំង ហើយក្នុងនេះមានជាង ៦០ប្រភេទតែគេមិនទាន់ដឹងទេថាប្រភេទសត្វត្រចៀកកាំណាខ្លះដែលផលិតសំបុកនេះឡើយ។

ដោយឡែកសម្រាប់ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជាលេខ១ មិនទាន់កែច្នៃតម្លៃ មួយគីឡូក្រាម ៤០០-៤៥០ដុល្លារ និងសំបុកឆាកា ជាង៣០០ដុល្លារ។សម្រាប់សំបុកត្រចៀកកាំកែច្នៃហើយលេខ១តម្លៃ១២០០ដុល្លារដល់ ១៥០០ដុល្លារទៅតាមកម្រិតរបស់វា៕

អត្ថបទ៖ ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner