សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគជាតិ ជាមួយរាជរដ្ឋាភិបាល
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនា កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូ សមាជិក សមាជិកា ក្រាបថ្វាយព្រះពរ ព្រះបរមឆាយាល័ក្ខណ៍ នៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល រួមទាំងសមាជិក សមាជិកាជាច្រើនរូប ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពក្រៃលែង ដែលតែងតែទទួលបាន ការសព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាត រៀបចំព្រះរាជពិធីថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ ព្រះរាជពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី និងជាពិសេស នាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំ “ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍” ដើម្បីថ្វាយព្រះពរ អបអរសាទរខួប ២០ព្រះវស្សា នៃព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុតចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជកាតព្វកិច្ចជាព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ សម្រាប់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូល អាចរស់នៅប្រកបរបរចិញ្ចឹមជីវិត និងមានសិទ្ធិសេរីភាព ពេញលេញក្នុងការ កសាងក្រុមគ្រួសារ ប្រកបដោយសុខសុភមង្គល ។
ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសថា សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនា កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្ម សប្បុរសធម៌ វប្បធម៌ និងសង្គម ក្នុងទិសដៅបន្តរក្សាការពារឲ្យបាន នូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពសិដ្ឋ