រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
កំពង់ឆ្នាំង៖នៅសាលាស្រុកទឹកផុស កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្វខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោក យ៉ង់ ភារម្យ អភិបាលរងខេត្ត។
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលាឆ្នាំនេះក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តន៍កម្មឌីជីថល”
ក្នុងឱកាសនេះលោកអភិបាលរងខេត្តនាំនូវបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិង លោកជំទាវ ពេជ្រ ច័ន្នមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងបានផ្ដល់នូវក្តីអាណិតស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ចាស់ព្រឹទ្ធចារ្យ។
ក្នុងឱកាសនេះអភិបាលរងខេត្តបានជំរុញដល់អាជ្ញាធរឱ្យបន្តពង្រឹងការអភិវឌ្ឍសមាគមមនុស្សចាស់នៅតាមសហគមន៍។ជំរុញការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិ គាំពារមនុស្សចាស់ និងបណ្ដុះបណ្ដាលជំនាញការងារដល់បុគ្គលិកសង្គមដើម្បីផ្ដល់សេវាថែទាំមនុស្សចាស់។លើកទឹកចិត្តឱ្យមានការអប់រំបណ្ដុះបណ្ដាលនិងបង្កើតចំណេះដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដល់មនុស្សចាស់៕
ដោយ៖សុខ គឹមសៀន