រយៈពេល ៩ខែ ដើមឆ្នាំ២០២៤ ផលិតផលដំណាំកសិកម្មកម្ពុជាលើសផែនការ ពិសេសដំណាំស្រូវ
ភ្នំពេញ៖ ផលិតផលដំណាំកសិកម្មកម្ពុជានៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ គឺដំណើរការល្អ ដែលនេះមានន័យថាទាំងការដាំដុះក្នុងនេះដូចជាដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺយើងទទួលបានលើសផែនការពិសេសគឺដំណាំស្រូវតែម្តង ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ ពិធីប្រកាសដាក់ ឱ្យ ប្រើប្រាស់ នូវឯកសារ ស្តីពី តំបន់ ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា នៅសណ្ឋានគារ ហ៊ីម៉ាវ៉ារី រាជធានី ភ្នំពេញ នាចុងសប្តាហ៍កន្លងមក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បានឱ្យដឹងថា”ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ឃើញថាដំណាំស្រូវឆ្នាំនេះទទួលបានលទ្ធផលល្អ និងក្រៅពីនេះដំណាំជាផលិតផលកសិករដទៃទៀតក៏ទទួលបានទិន្នផលនេះដូចគ្នា”។
ឯកឧត្តមបានរំលឹកថា៖ផលិតកម្មដំណាំស្រូវក្នុងឆ្នាំ២០២៣កន្លងមកកម្ពុជាផលិតបានប្រមាណ១២,៥លានតោនដោយក្នុងនេះការនាំចេញអង្ករបានជាង៦៥ ម៉ឺនតោន គិតជា ទឹកប្រាក់ ជាង៤៦៦លានដុល្លារ និងស្រូវប្រមាណជាង ៤លាន តោន គិតជាទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ប្រទេសចិននិងសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជា។
ឯកឧត្តមតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ថាសម្រាប់ដំណាំស្វាយចន្ទីកម្ពុជាវិញ ក៏ផលិតលើសផែនការផងដែរ ក្នុងនេះ ផលិត បានប្រមាណជាង ៨០ ម៉ឺនតោន ហើយបាននាំចេញស្ទើរទាំងអស់។សម្រាប់គ្រាប់ស្វាយចន្ទីភាគច្រើនកម្ពុជានាំចេញគ្រាប់ឆៅ និងក្នុងនេះនាំគ្រាប់ចន្ទីកែច្នៃបានប្រមាណ១០ភាគរយប៉ុណ្ណោះ។ដោយឡែកសម្រាប់ដំឡូងមីវិញកម្ពុជាផលិតបានប្រមាណ១៤លានតោន ហើយដំឡូងមីរបស់កម្ពុជាក៏បាននាំចេញស្ទើរតែទាំងអស់ដូចគ្នា។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់ដំឡូងមីកម្ពុជាដែលនាំចេញមាន២ប្រភេទគឺ ដំឡូងមីស្រស់ និងដំឡូងមីក្រៀម។ដំឡូងមីស្រស់ដែលនាំចេញធំជាងគឺទីផ្សារ ប្រទេសវៀតណាម និង ប្រទេសថៃ។ ក្រៅពីនេះកម្ពុជាក៏មានកសិផលជាច្រើនទៀត ដូចជាស្វាយកែវរមៀត មានប៉ៃលិន ក៏កម្ពុជាមានការនាំចេញច្រើនផងដែរ។ដោយឡែកចេកអំបូងពណ៌លឿងក៏កម្ពុជាបាននាំចេញច្រើនដូចគ្នា។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថាសម្រាប់ប្រភេទនាំចូលកសិកម្មមានដូចជាបន្លែស្រស់មួយចំនួនពិសេសប្រភេទបន្លែដែលពិបាកដាំនៅកម្ពុជាក្នុងនេះដូចជាដំឡូងបារាំង ការ៉ុត ដែលដំណាំមួយចំនួនទៀតវាត្រូវការអាកាសធាតុត្រជាក់ឬក៏តំបន់ខ្ពស់ ហេតុនេះលក្ខណៈភូមិសាស្រ្តបែបនេះកម្ពុជាពុំសូវមានទេ។ដោយឡែកសម្រាប់ពពួកបន្លែស្លឹកដូចជាបន្លែស្ពៃ សាលាដ និងស្ពៃផ្សេងៗយើងអាចផលិតបានគ្រប់គ្រាន់។
ចំពោះការនាំចូលបន្លែទាំងនេះសម្រាប់ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកតិច ឬ ច្រើនពោលគឺ ទៅតាមរដូវកាល ក្នុងនេះ ដូចជាដំណាំខុសរដូវដែល ជារដូវក្តៅខ្លាំង និងរដូវភ្លៀងខ្លាំង។រដូវក្តៅខ្លាំងដូចជាខែមេសា ឬដើមខែឧសភាជាដើមនឹងទទួលផលតិច។ដោយឡែកសម្រាប់បន្លែប្រភេទស្ពៃក្តោបយើងដាំពុំសូវបានទេដោយសារតែអាកាសធាតុក្តៅពេក អញ្ចឹងហើយ យើងត្រូវតែមានការនាំចូល។ដោយឡែកសម្រាប់ដំណាំខុសរដូវមួយទៀតគឺវស្សាយើងនេះបើកាលណាភ្លៀងធ្លាក់ច្រើននាំឱ្យទិន្នផលថយចុះ ម្ល៉ោះហើយការផ្គត់ផ្គង់លើទីផ្សារក៏ថយចុះតាមនោះដែរ។នៅកម្ពុជាគឺអាចផ្គត់ផ្គង់បន្លែបានប្រមាណ៧៥ទៅ៨០ភាគរយពោលគឺអាស្រ័យទៅតាមរដូវ។
ឯកឧត្តមបានលើកឡើងផងដែរថា៖”នៅកម្ពុជាយើងរដូវខ្លះទៀតដូចជា រដូវ រំហើយ ដែលផ្តល់សមស្របសម្រាប់ការដំណាំកសិកម្មល្អ ធ្វើឱ្យការផលិតលើសនាំឱ្យធ្លាក់ថ្លៃ និងពេលខ្លះគ្មានអ្នកទិញទៅវិញ”។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម ងិន ឆាយ បានឱ្យដឹងដែរថាសម្រាប់ផលិតផលកសិកម្មដែលនាំចេញទីកាន់ទីផ្សារប្រទេសចិនបច្ចុប្បន្នមានសរុបប្រមាណជាង៣០មុខ ដោយក្នុងនេះមានទាំងផលិតផលស្រស់ និងផលិតផលកែច្នៃ ។ ក្នុងនេះផលិតផលធំៗដែលកម្ពុជាបានចុះបញ្ជីក្នុងការនាំចេញទៅកាន់ប្រទេសចិនជាស្រេចនោះមានដូចជា អង្ករ ដំឡូងមី ពោត ស្វាយកែវរមៀត ចេក អំបូងពណ៌លឿង មានបៃលិន ដូងក្រអូបនិងស្វាយចន្ទីជាដើម៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីម ភារ៉ា