គ្រូជំនួយទូកនាគកម្ពុជាអះអាងថា ចូលរួមជើងឯកពិភពលោកនៅហ្វីលីនពីន គោលដៅចង់ក្រសោបយកទាំងមេដាយនិងកៅអីទៅចូលរួមជើងឯកពិភពលោកនៅចិន២០២៥
ភ្នំពេញ៖ កីឡាករកីឡាការិនី ប្រតិភូ និងគ្រូបង្វឹកទូកនាគកម្ពុជា សរុបចំនួន១៧នាក់ នាព្រឹកថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាទូកនាគជ្រើសរើសជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships”នៅប្រទេសហ្វីលីពីន មានការចូលរួមជូនដំណើរ ដោយ លោក វ៉ា គ្រី អគ្គលេខាធិការរង និងឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងមន្រ្តីសហព័ន្ធជាច្រើនរូប។
មុនពេលឡើងយន្តហោះ ឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន និង លោក វ៉ា គ្រី បានផ្តាំផ្ញើរ និងណែនាំដល់កីឡាករកីឡាការិនី ត្រូវគោរពឱ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ រួបរួមសាមគ្គីភាពជាធ្លុងតែមួយ ដោយប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកនូវជម្នះជូនជាតិមាតុភូមិ ពិសេស ត្រូវប្រកាន់ភ្ជាប់នៅប្រពៃណីខ្មែរ គោរពឱនលំទោន កាយវិការទន់ភ្លន់ បង្ហាញឱ្យគេស្គាល់ថា យើងជាកីឡាករកម្ពុជា ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ បានក្រើនរំលឹក ដល់កីឡាករកីឡាការិនី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបរិភោគចំណីអាហារ បរិភោគអាហារណា ដែលមានសុវត្ថិភាព និងជួយដល់កម្លាំង និងសម្រាកឱ្យបានគ្រប់គ្រាន់។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឱ្យដឹងដែរថា ការចាកចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោកនៅប្រទេសហ្វីលីនពីននេះ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចូលរួមលើវិញ្ញាសាទូកប្រកួតចម្រុះបុរសនិងនារី ចំនួន៣វិញ្ញាសា មានដូចជា វិញ្ញាសាចម្ងាយ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ។
គ្រូជំនួយរូបនេះ បានគូសបញ្ជាក់ទៀតថា គោលដៅទូកនាគកម្ពុជាយើងទៅចូលរួមលើកនេះ គឺមានពីរគោលដៅ គោលទី១ប្រជែងដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍ប្រកួត និងគោលដៅទី២ គឺដណ្តើមកៅអីចូលរួមការប្រកួតជើងឯកពិភពលោកនៅប្រទេសចិនក្នុងឆ្នាំ២០២៥ ។
លោក អះអាងទៀតថា សម្រាប់ការប្រជែងក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសហ្វីលីពីននេះ ថ្វីត្បិតជាការប្រកួតមានកម្រិតខ្ពស់ដែលមានប្រទេសចូលរួមសុទ្ធសឹងជាប្រទេសខ្លាំងៗជាង២០ប្រទេសចូលរួមយ៉ាងណាក្តីក៏ក្រុមទូកនាគកម្ពុជាមានក្តីសង្ឈឹមខ្ពស់ក្នុងការប្រជែងដណ្តើមបានលទ្ធផលល្អជូនកម្ពុជា ព្រោះក្រុមជម្រើសជាតិយើងក៏ជាក្រុមខ្លាំងមួយ និងមានការហ្វឹកហាត់ត្រៀមខ្លួនពុំដែលឈប់សម្រាកឡើយ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជា។
លោក គង់ សុភាព បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជននិងកីឡាដែលបានផ្តល់ថវិកាជាប្រាក់ហោបៅជូនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី ពិសេស ថ្លែងអំណរគុណដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធដែលលោកតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់កីឡាករកីឡាការិនីក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតពិភពលោកនេះ ។ ក្នុងនាមគ្រូបង្វឹកតំណាងកីឡាករកីឡាការិនីសូមប្តេជ្ញាចិត្ត និងធ្វើឱ្យបានល្អនាំយកជោគជ័យជូនកម្ពុជាលើកិត្តិយសកេរ្តិ៍ឈ្មោះទូកនាគកម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនាគជ្រើសរើសជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships” នៅប្រទេសហ្វីលីពីន ដំណើរការប្រកួតចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមជាង២០ប្រទេស៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ