ប៉ាគីស្ថានបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារចំនួន ៤៥លាននាក់

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបន្តចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីការពារកុមារចំនួន ៤៥លាននាក់ពីជំងឺស្វិតដៃជើង ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរារាំងករណីឆ្លងថ្មីៗបន្ថែមទៀត។

ប៉ាគីស្ថានតែងតែចាប់ផ្តើមយុទ្ធនាការបែបនេះ ប៉ុន្តែអំពើហិង្សាដែលសំដៅលើបុគ្គលិកសុខាភិបាល និងប៉ូលីស តែងតែកើតជារឿយៗ ដោយសាតែក្រុមសកម្មប្រយុទ្ធបានអះអាងថា យុទ្ធនាការផ្តល់ថ្នាំបង្ការនេះ គឺជាការឃុបឃិតជាមួយប្រទេសលោកខាងលិច ដើម្បីធ្វើឱ្យកុមារធំឡើងមិនអាចបន្តពូជបាន។

ទីប្រឹក្សានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទទួលបន្ទុកកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង លោកស្រី Ayesha Raza Farooq និយាយថា យុទ្ធនាការនេះគឺជាលើកទីបីហើយនៅឆ្នាំនេះ ហើយនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងគួរឲ្យព្រួយបារម្ភ នៃករណីឆ្លងជំងឺស្វិតដៃជើង។

បើតាមការបញ្ជាក់របស់លោកស្រី Farooq
យុទ្ធនាការនេះនឹងចែកចាយវ៉ាក់សាំងពីផ្ទះមួយទៅផ្ទះមួយ ផ្តល់ឱ្យកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងថ្នាំគ្រាប់វីតាមីន A ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺស្វិតដៃជើង។

គិតមកទល់ពេលនេះ ប៉ាគីស្ថានបានកត់ត្រាករណីឆ្លងជំងឺស្វិតដៃជើងចំនួន៤១ នៅទូទាំង ៧១ស្រុក ក្នុងឆ្នាំ២០២៤។ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាប្រទេសតែពីរគត់ក្នុងពិភពលោក ដែលមិនទាន់អាចលុបបំបាត់ការរាតត្បាតជំងឺស្វិតដៃជើង។

វាគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងអាក្រក់បំផុតរបស់ពិភពលោក ដូច្នេះវានៅតែបន្តរីករាលដាលគ្រប់ទីកន្លែង បើសិនកុមារមិនទទួលបានវ៉ាក់សាំងការពារពេញលេញ។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺស្វិតដៃជើងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត និងអាចស្លាប់៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner