លោក ពូទីន ព្រមានសងសឹក បើសិនលោកខាងលិចជួយអ៊ុយក្រែនវាយលុកជ្រៅលើរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះនិយាយថា ក្រសួងការពារជាតិរុស្ស៊ី កំពុងគិតគូរពីមធ្យោបាយសងសឹកផ្សេងៗ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ លូកដៃជួយអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។

លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានដ៏ល្បីរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក Pavel Zarubin ថា ក្រសួងការពារជាតិរុស្ស៊ីកំពុងគិតគូរ អំពីរបៀបសងសឹកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចកើតមាននៅលើទឹកដីរុស្ស៊ី ហើយរឿងនោះ នឹងទទួលបាននូវការឆ្លើយតបជាច្រើន។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា មានតែមន្ត្រីណាតូទេ ដែលអាចបាញ់អាវុធបែបនេះចូលទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណបលោកខាងលិច ដើម្បីកំណត់គោលដៅ ដូច្នេះសំណួរគឺថាតើពួកគេនឹងអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីឬអត់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេនលេនស្គី បានស្នើសុំរាប់ខែពីសម្ព័ន្ធមិត្តលោកខាងលិចរបស់គាត់ សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅដែលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

សហរដ្ឋអាមេរិក និងអង់គ្លេសបានផ្តល់សញ្ញាថាការសម្រេចចិត្តលើបញ្ហានេះជិតមកដល់ហើយកាលពីខែមុន ប៉ុន្តែក្រោយមកបានពន្យារពេលវិញ បន្ទាប់ពីលោក ពូទីន ព្រមានថា ប្រទេសទាំងពីរកំពុងប្រថុយអូសទាញអង្គការណាតូ ឱ្យធ្វើសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងមូស្គូ៕

ប្រភព៖ China Daily ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner