ក្រសួង និងខេត្តចំនួន៨ ចូលរួមប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តស្វាយរៀង ដើមខែវិច្ឆិកាខាងមុខនេះ
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រ បច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» រយៈពេល ២ថ្ងៃ នៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹកតទៅ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានប្រតិភូទូកចូលរួមប្រកួត មកពីបណ្តាក្រសួង-ខេត្ត ចំនួន ០៨ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តព្រះសីហនុ ។
ក្នុងឱកាស នៃការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នៅខេត្តស្វាយរៀងនេះ ក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគំតន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និងទិញ ផលិតផលនានាតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៤-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ តាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។
រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀងទាំងអស់ នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកស្ទួយវិស័យ កីឡាជាតិ និងញ៉ាំងឲ្យពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ” នៅខេត្តស្វាយរៀង ដែលទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕
នុត នាង