រដ្ឋបាលខេត្តកែប រៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរម​សិរីរាជសម្បត្តិ ថ្វាយព្រះករុណជាអម្ចាស់ជីវិតលើត្បូង

កែប៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ​ទូទាំងខេត្តកែប បានរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាង​គ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ក៏បានអានសារ​លិខិត​ថ្វាយព្រះ​ពរព្រះករុណ ជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ ព្រមទាំង​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជា​ពលរដ្ឋទូទាំងខេត្តកែប សូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរម​ហាប្រសើរ និងសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសា​ធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់​ជីវិត​លើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះ​បញ្ញា​​ញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជ​សម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ ជាប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមបញ្ជាក់ថា ថ្ងៃអង្គារ ១២រោច ខែអស្សុច ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាគម្រប់ខួបលើកទី២០ឆ្នាំ នៃការឡើងគ្រងរាជ​សម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំង ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែល​ព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕

ដោយ ៖ សិលា សារិន

ads banner