កងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធា ដើម្បីមានប្រៀបប្រយុទ្ធនៅលើសមរភូមិ

ខេត្តព្រះវិហារ៖ សិក្ខាកាម ៣៤០នាក់ មកពីបណ្តាអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ប្រាសាទព្រះវិហារ ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នលើជំនាញរថក្រោះ រថពាសដែក ជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច តាមបណ្តា កងពលតូចចំណុះទាំង៣ គឺកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី ដើម្បីមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ។

ពិធីបិទវគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២៤ ធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងពីលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២៣កន្លងមក គឺមាន ៤វគ្គ ដោយមានសិក្ខាកាមចូលរួម ៤០០នាក់ គ្រូយោធាចារ្យ ៤០នាក់ រយៈពេល ៣ខែ ហ្វឹកហ្វឺនលើវគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម ១វគ្គ សិក្ខាកាមចូលរួម ១០០នាក់ ,វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច របស់បណ្តាកងពលតូចចំណុះទាំង៣ មាន ៣វគ្គ មានសិក្ខាកាម ៣០០នាក់។

ដោយឡែក វគ្គហ្វឹកហ្វឺនឆ្នាំ២០២៤នេះ មានចំនួន ៥វគ្គ មានសិក្ខាកាមចូលរួម ៣៤០នាក់ គ្រូយោធាចារ្យ ១៧នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ មាន ២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច តាមបណ្តាកងពលតូចចំណុះទាំង៣ គឺកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៣វគ្គ ។

ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងារ ដែលសម្រេចបានស្នាដៃ និង​សមិទ្ធ​ផលធំៗជាច្រើន លើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នកងកម្លាំង ទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ដើម្បីធានាចីរភាព នៃខឿនការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការងារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះ​ដឹង និងជំនាញដែលទទួលបាននេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និង មានប្រសិទ្ធភា​ពខ្ពស់ ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខ​សន្តិភាព និងសេចក្តីសុខសាន្ត ជូនប្រជាជនមិនឱ្យជនណាមកបំផ្លិចបំផ្លាញ​បានជាដាច់ខាត។

ឯកឧត្តម គីម រិទ្ធី បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំយោធិន ឱ្យបន្តគិតគូរ រៀបចំផែន​ការហ្វឹកហ្វឺនលើជំនាញផ្សេងៗទៀត ដើម្បីបន្តពង្រឹងសមត្ថភាពកងទ័ព ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង សំដៅចូលរួមចំណែក ក្នុងការអនុវត្តផែនការកែទម្រង់​កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល លើវិស័យ​ការពារជាតិ ឱ្យទទួលបានជោគជ័យ ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner