អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង
បរទេស៖ មន្ត្រីមួយរូបបាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានស្នើឱ្យបង្កើនការចំណាយយោធា របស់ខ្លួនបីដង ខណៈដែលភាពតានតឹង ជាមួយប្រទេសអ៊ីស្រាអែល ដែលជាគូប្រជែងបានកើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅវិញទៅមក នាពេលថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Fatemeh Mohajerani បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺជាង២០០ភាគរយ នៅក្នុងថវិកាយោធារបស់ប្រទេស។ ជាការថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Tehran ដោយមិនបានបញ្ជាក់លម្អិត។ លោកស្រី Mohajerani គ្រាន់តែនិយាយថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើង ដើម្បីបំពេញតម្រូវការការពារជាតិរបស់ប្រទេស»។
ទីក្រុងតេអេរ៉ង់ មិនបានបង្ហាញតួលេខ ជាក់លាក់ណាមួយឡើយ ប៉ុន្តែ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ SIPRI បានឲ្យដឹងថា ការចំណាយលើផ្នែកយោធារបស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០២៣ មានប្រហែល ១០.៣ ពាន់លានដុល្លារ។
គម្រោងថវិកាដែលបានស្នើ នឹងត្រូវពិភាក្សា ដោយសមាជិកសភា ហើយត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់ នៅខែមីនា។
ផែនការនេះត្រូវបានបង្ហើបឲ្យដឹង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស លើទីតាំងយោធា ក្នុងប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ ថ្ងៃទី ១ ខែតុលា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត