ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដើម្បីរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដល់ព្រះបាទជ័យវរ្ម័នទី៧
សៀមរាប៖ ពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយ ឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ ។
ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយបានទទួលការចូលរួមយ៉ាងច្រើនមិនថាមន្រ្តីពាក់ព័ន្ធ អ្នកទេសចរ ពលរដ្ឋ អ្នកសិល្បៈជាដើម ដែលនេះជាការបង្ហាញនូវ ការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើម នៃសម័យនោះផងដែរ ។
ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យចុងឆ្នាំ២០២៤នេះដែរត្រូវបានគេពិពណ៌នា ពីភាពជោគជ័យ និង រលូនល្អដែលក្នុងនេះអាកាសធាតុដ៏ត្រជាក់ហាក់ដូចប្រទានពីបុព្វបុរសខ្មែរសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា»ដែលត្រូវបានពលរដ្ឋខ្មែរជំនាន់ក្រោយបានរំលឹកដឹងគុណពីភាពស្នាដៃដ៏អស្ចារ្យនៃយុគសម័យដ៏រុងរឿងរបស់ពួកគាត់។
ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ដែរបានរៀបចំឡើងដោយផ្សារភ្ជាប់នឹងការអបអរខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងក្នុងព្រឹត្តិការណ៍នេះថា «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។
គួរបញ្ជាក់ថា ក្នុងពិធីដង្ហែនេះ ឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សម្តែង ជា ព្រះនាង ឥន្ទ្រទេវី ។ នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យកម្របានទស្សនានេះ ជាច្រើនកុះករ។
ដោយឡែកសម្រាប់ក្នុងពេលរាត្រីបរិវេណប្រាសាទអង្គរវត្ត ក៏ត្រូវបានគេបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាថតរូប និងដើរកម្សាន្តយ៉ាងច្រើនកុះករដូចគ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមការងារOB