អាមេរិកជះលុយ ៥លានដុល្លារ វែកមុខជនបំផ្ទុះគ្រាប់លើយន្តហោះឆ្នាំ ១៩៩៤ តែគេសង្ស័យជាថ្វីដៃក្រុមហេសបូឡា

សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារសម្រាប់ព័ត៌មានអំពីការទម្លាក់គ្រាប់បែកពីលើយន្តហោះកាលពីឆ្នាំ ១៩៩៤ នៅប្រទេសប៉ាណាម៉ា ខណៈហេតុការណ៍នេះ គេសង្ស័យថា ជាថ្វីដៃរបស់ក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ដែលបានសម្លាប់មនុស្ស ២១នាក់។

យន្តហោះ Alas Chiricanas (AC 901) បានផ្ទុះនៅកណ្តាលអាកាស បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាននៅខេត្ត Colon នៃឧបទ្វីប Caribbean។ អ្នកជិះទាំងអស់ដែលភាគច្រើនជាសមាជិកនៃសហគមន៍ជ្វីហ្វរបស់ប្រទេសអាមេរិកកណ្តាលត្រូវបានសម្លាប់ រួមទាំងជនជាតិអាមេរិក៣នាក់ផងដែរ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំប្រទេសប៉ាណាម៉ា បានបញ្ជាក់ថា យោងតាមការិយាល័យនាយកស៊ើបការណ៍ជាតិអាមេរិកបានវាយតម្លៃថា ក្រុមហេសបូឡា គឺជាអ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ AC 901។

បន្ទាប់ពីការវាយប្រហារនោះ បុគ្គលម្នាក់ឈ្មោះ Ali Hawa Jamal ដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនសង្ស័យបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។

ទន្ទឹមគ្នា សាច់ញាតិជនរងគ្រោះបានស្វាគមន៍ចំពោះការប្រកាសនេះ ដោយនិយាយថា សហរដ្ឋអាមេរិក និងប្រព័ន្ធយុត្តិធម៌ពិភពលោក មិនបានបំភ្លេចហេតុការណ៍នោះទេ។

វាជាថ្ងៃសោកនាដកម្មដែលឈឺចាប់បំផុតមិនអាចពិពណ៌នាបាន សម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះ ហើយសង្ឃឹមថា នៅពេលណាមួយ អ្នកទទួលខុសត្រូវនឹងត្រូវអូសកយកមកកាត់ទោស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner