មេទ័ពអ៊ីស្រាអែលប្តេជ្ញាវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង បើហ៊ានសងសឹក

បរទេស៖ ប្រមុខយោធាអ៊ីស្រាអែលបានប្តេជ្ញា កាលពីថ្ងៃអង្គារថា នឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំង» ប្រសិនបើអ៊ីរ៉ង់ ហ៊ានសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ខ្លួន លើសាធារណរដ្ឋអ៊ីស្លាមមួយនេះ កាលពីចុងសប្តាហ៍។

ឧត្តមសេនីយ Herzi Halevi បាននិយាយថា «ប្រសិនបើអ៊ីរ៉ង់ សាងកំហុស ក្នុងការបាញ់កាំជ្រួចមីស៊ីល ជាថ្មីផ្សេងទៀត មកលើអ៊ីស្រាអែល យើងនឹងដឹងម្តងទៀត ពីរបៀបសងទៅដល់ប្រទេសអ៊ីរ៉ង់វិញ…ហើយជាការវាយប្រហារ យ៉ាងខ្លាំង» ។

ថ្លែងទៅកាន់មន្ត្រីយោធាដែលបានចូលរួម ក្នុងការវាយប្រហារ កាលពីចុងសប្តាហ៍ លោក Halevi បាននិយាយថា «គោលដៅមួយចំនួនទៀត ប្រហែលជាត្រូវបានកំណត់ តម្រូវឱ្យធ្វើម្តងទៀត»។ លោកបានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះ មិនទាន់ចប់ទេ»។

កាលពីថ្ងៃសៅរ៍ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាស ទាំងព្រលឹម លើគោលដៅយោធាអ៊ីរ៉ង់ និងកន្លែងផលិតមីស៊ីល ជាការសងសឹក ចំពោះការវាយប្រហារមីស៊ីលផ្លោងដ៏ធំ ដោយទីក្រុងតេអេរ៉ង់ កាលពីដើមខែនេះ។ ការវាយប្រហាររបស់អ៊ីរ៉ង់ លើកនេះ រួមមាន កាំជ្រួចប្រហែល២០០គ្រាប់ ដែលជាការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធ ជាច្រើននាក់ដែលចូលបក្សសម្ព័ន្ធ Tehran រួមទាំង ប្រធានក្រុម Hezbollah លោក Hassan Nasrallah និង មេបញ្ជាការឆ្មាំបដិវត្តន៍ម្នាក់ ទៀតផង។

អ៊ីរ៉ង់ប្រកាសសងសឹកវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ប៉ុន្តែ ពុំទាន់មានការវាយប្រហារជាថ្មី លើអ៊ីស្រាអែល ទេ រហូតដល់យប់ថ្ងៃអង្គារ។ ប៉ុន្តែ មេដឹកនាំអ៊ីរ៉ង់ធ្លាប់ប្រកាសថា នឹងសងសឹកវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner