ព្រះមហាក្សត្រអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវទៅ​ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីរួមចំណែកការពារនិង​កសាងមាតុ​ភូមិលើគ្រប់វិស័យ។ មហាសាគ្គីជាតិទាំងមូលនេះជាមូលដ្ឋានធ្វើ​ឱ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍន៍លើវិស័យនានាជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។ ការអំពាវនាវរបស់ព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីមហាមិទ្ទិញយ៉ាងអធិកអធម នៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ព្រះមហាក្សត្រក៏បានគោរពកោតសរសើរដោយស្មោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភា ឃួន សុដារី ប្រធានរដ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំមហាមិន្ទិញខួបទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែមានស្ថេរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញនិងស្របពេលវេលាដែលរាជរដ្ឋាភិបាលអាណត្តីទី៧ នៃរដ្ឋសភាបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមយ៉ាងសកម្មតាមតួនាទីរបស់ខ្លួន។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបញ្ជាក់ថា រយៈពេលកន្លង​មកមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋមានការប្រែប្រួលមុខមាត់ថ្មីគួរ​ឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹក​នាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃបានដាក់ចេញនៅយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិការតាមមាគ៌ា​ដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិស្របតាមគោលមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិជាព្រះរាជបណ្តាំបន្ថែមចុងក្រោយរបស់ព្រះករុណា​ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឆ្នាំ២០១១។ យើងកំពុងតែសប្បាយរីករាយនិងកំពុងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។

ព្រះមហាក្សត្រក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ។ មហាសាគ្គីជាតិទាំងមូលនេះជាមូលដ្ឋានធ្វ់ឲ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍន៍លើវិស័យនានាជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហ់មរបស់ជាតិ។ សមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពនិងសណ្ដាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ សមធម៌សង្គម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍន៍ជាតិ ហើយព្រះអង្គសង្ឃឹមថា តាមរយៈមហាមិទ្ទិញដ៏ឧត្តុង្គឧត្តមអធិកអធមនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជានឹងទទួលបាននូវអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងមហាសាមគ្គីជាតិដែលនឹងមិនមានសត្រូវណាមួយមករំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ads banner