សមាគមសហគ្រិនវ័យក្មេងណានចាង មានគម្រោងមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូន លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាជនចិនដែលជានិច្ចកាលគាំទ្រ ស្រលាញ់ ចូលចិត្ត និងបានអញ្ជើញមកបណ្តាក់ទុន ក៏ដូចជាទស្សនាប្រទេសកម្ពុជាយ៉ាងច្រើន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសចិនដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់វិស័យទេសចរណ៍នៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចិន គឺជាទីផ្សារទេសចរណ៍ដ៍ធំរបស់កម្ពុជា ប្រទេសកម្ពុជា ពិតជាត្រូវការអាជ្ញាធរពាក់ព័ន្ធចិន ជួយផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនចិនមកទស្សនាកម្ពុជា ស្របតាមស្មារតីឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង ។

ឯកឧត្តមរដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពនិងទំនាក់ទំនងការទូតជាយូរលង់ ដោយស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ។

លោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង ក៏បានសំណូមពរដល់ក្រសួងទេសចរណ៍ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ឱ្យជួយជំរុញ និងគាំទ្រលើផែនការវិនិយោគ និងផែនការបណ្តាក់ទុករបស់ក្រុមហ៊ុនលើវិស័យទេសចរណ៍មួយចំនួន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner