សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលប្រកាសប្រឆាំងដាច់ខាតជុំវិញការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូ ពីសំណាក់​ជន​ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់​ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងឱ្យសមាគមអង្គការ ទាំង២០អង្គភាព បានចេញសេចក្តីថ្លែងការណ៍ប្រកាសប្រឆាំងដាច់ខាត ជុំវិញការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូ ធ្វើដូចបង់ក្លាដែស ពីសំណាក់​ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋម្តងហើយម្តងទៀត ក្នុងគោលដៅប្រមូលលុយអ្នកគាំទ្រមកចែកគ្នាចាយតែប៉ុណ្ណោះ ដែលការបង្កើតចលនាខុសច្បាប់របស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ គ្រាន់តែជាការយល់សប្តិ និងជាស្រមោលនៃចលនាក្លែងក្លាយ ព្រមទាំងបង្កប់ក្នុងចេតនាញុះញង់ឆបោកអ្នកគាំទ្របក្ខពួកជ្រុលនិយមខ្លួនមួយក្តាប់តូច ឱ្យដើរតាមក្នុងសកម្មភាពខុសច្បាប់ បង្កជាភាពអាណាធិបតេយ្យ ប៉ះពាល់ដល់សន្តិសុខជាតិ និងបំផ្លាញដល់សន្តិភាពដែលរកបានដោយលំបាក។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពនៃចលនាខុសច្បាប់ ដែលត្រៀមបង្កើតឡើងដោយ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ដែលចលនាថ្មីនេះ ជាការទាញភ្ជាប់នឹងព្រឹត្តិការណ៍ផ្តួលរំលំរដ្ឋាភិបាលធ្វើដូចនឹងបង់ក្លាដែស គឺគ្រាន់តែជារូបភាពដែលប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ វាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃច្បាប់ជាតិ ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានធានាការពារដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារឱ្យបាននូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី ការពារឱ្យបាននូវសន្តិភាព និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ មិនអាចឱ្យជនណា ឬជនបរទេសណាមកបំពារបំពានផ្ទុយអំពីគោលការណ៍ច្បាប់ ស្របតាមឆន្ទៈប្រជាពលរដ្ឋបានជាដាច់ខាត៕
ដោយ៖ពលជ័យ

ads banner