លទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់សរុប១០៦៣៥១នាក់ឬស្មើនឹង៧៩ភាគរយ
(ភ្នំពេញ)៖ លទ្ធផលនៃបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ៖ ០៨ តុលា ២០២៤ប្រឡងជាប់សរុបចំនួន ១០៦៣៥១នាក់ឬស្មើនឹង៧៩ភាគរយ ។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ។
តាមប្រភពខាងលើនេះបានឱ្យដឹងដែរថាៈសម្រាប់បេក្ខជនជាប់និទ្ទេស A = ២ ២១៦នាក់,និទ្ទេស B = ៩ ៧០១នាក់,និទ្ទេស C = ២២ ៦៧៥ នាក់,និទ្ទេស D = ៣៦ ៦៨៣នាក់,និទ្ទេស E = ៣៥ ០៧៦នាក់ ។
គួរបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
បេក្ខជនត្រូវបានរៀបចំ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
សូមរំលឹកដែរថាបេក្ខជនប្រឡងជាប់សរុបកាលពីឆ្នាំ២០២៣កន្លងមក មានសរុបចំនួន ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។
ដោយឡែកបើយោងតាមស្តិតិការប្រឡងសញ្ញាបត្រ បាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ២០២២វិញបានបង្ហាញថា ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕
ដោយ ៖ ម៉ាដេប៉ូ