ព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ
(ភ្នំពេញ)៖ ព្រះមហាក្សត្រ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គី ជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិ លើគ្រប់វិស័យ ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលដូច្នេះ ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម នៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា រយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មី គួរឱ្យកោតសរសើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិ តាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ា បង្រួបបម្រួមជាតិ ផ្សះផ្សាជាតិ ពីព្រះរាជបណ្តាំបន្ថែមចុងក្រោយ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅក្នុងឆ្នាំ២០១១ ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្តថា យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដោយផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។
ព្រះមហាក្សត្រ ទ្រង់ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិ លើគ្រប់វិស័យ។ មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋាន ធ្វើឱ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់ នូវការអភិវឌ្ឍលើវិស័យនានា ជាពិសេស វិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ។
ព្រះករុណា បានមានព្រះបន្ទូលបន្ថែមថា សមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សុខសន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសារធារណៈ និងសមធម៌សង្គម ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានបង្ហាញ មោទនភាពយ៉ាងក្រៃលែងដែលបានឃើញប្រជារាស្រ្តទទួលបានសេចក្តីសុខ និងប្រទេសជាតិបោះជំហានទៅរក ការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះអង្គ បានបង្ហាញ មោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាការណ៍ នៅព្រះរាជាណាចក្រកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្រ្តទទួលបានសេចក្តីសុខ និងកំពុងបន្ត បោះជំហានទៅរកការអភិឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់ថា នេះជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តើមចេញពីការខិតខំបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នជាតិ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជារាស្រ្តគ្រប់បណ្តាខេត្ត-រាជធានី ចំពោះជោគវាសនារបស់ប្រទេសជាតិ និងអនាគត ដ៏រុងរឿងនៃប្រជារាស្រ្តរបស់យើង ៕
ដោយ ៖ វណ្ណលុក