NASA កំណត់យកតំបន់សក្តានុពលចំនួន៩ ស្រាវជ្រាវនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៦

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានជ្រើសរើសតំបន់សក្តានុពលចំនួន៩ ដែលនឹងបញ្ជូនក្រុមអវកាសយានិកទៅចុះចតនៅភពព្រះចន្ទនៅឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។

ការចុះចតនៅតំបន់សក្តានុពលចំនួន៩នេះ ត្រូវបានកំណត់គោលដៅធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតក្រោមបេសកកម្ម Artemis ដែលជាគម្រោងរុករកភពព្រះចន្ទអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីតំបន់ទាំង៩នេះ កាលពីថ្ងៃចន្ទ ដោយពួកវាទាំងអស់ គឺស្ថិតនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។

NASA និយាយថា ទីតាំងទាំងនោះត្រូវបានជ្រើសរើសដោយផ្អែកលើសក្តានុពលរបស់ពួកវា សម្រាប់ការរុករកឃើញធនធាន និងលទ្ធភាពនៃការចុះចតប្រកបដោយសុវត្ថិភាពរបស់អវកាសយានិក។

អ្នកវិទ្យាសាស្ត្រនិយាយថា ទឹកអាចមានទម្រង់ជាទឹកកកនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។ ហើយប្រសិនបើវត្តមានទឹកត្រូវបានបញ្ជាក់មែននោះ អវកាសយានិកនឹងសិក្សាថាតើវាអាចប្រើជាឥន្ធនៈ ឬទឹកសម្រាប់បរិភោគបានដែរឬទេ។

ប្រទេសជប៉ុនជាសមាជិកនៃកម្មវិធី Artemis។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីខែមេសា ដែលរួមបញ្ចូលទាំងការផ្តល់ឱកាសឱ្យអវកាសយានិកជប៉ុនទៅជាន់ដីភពព្រះចន្ទ។

ស្ថិតក្រោមបេសកកម្ម Artemis ការរុករកនៅភពព្រះចន្ទ នឹងបន្តលើសពីឆ្នាំ ២០២៦ ដោយសម្លឹងមើលដំណើរឆ្ពោះទៅកាន់ភពអង្គារនាពេលអនាគត៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner