Hyundai បញ្ចេញរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេលើពិភពលោក
សេអ៊ូល ៖ ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង បានបញ្ចេញចក្ខុវិស័យសម្រាប់ថ្ងៃអនាគតរបស់ខ្លួន នោះគឺការផលិតរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។
រថក្រោះចម្បាំង K-series ជំនាន់បន្ទាប់របស់កូរ៉េខាងត្បូងនេះ មានឈ្មោះថា K3 នឹងបំពាក់ដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីធ្វើឱ្យវាក្លាយជារថក្រោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក។
រថក្រោះចម្បាំង K3 ដើរដោយថាមពលអ៊ីដ្រូសែនថ្មីនេះ បង្កើតឡើងក្រោមកិច្ចសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងត្បូង និងស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាជាតិផ្សេងទៀត។
រថក្រោះចម្បាំងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការផលិតឆាប់បំផុតនៅត្រឹមឆ្នាំ ២០៤០ ហើយកោសិកាឥន្ធនៈអ៊ីដ្រូសែននឹងជំនួសម៉ាស៊ីនម៉ាស៊ូតត្រកូលរថក្រោះចម្បាំង K-series។ ប្រការនេះនឹងក្លាយជាជំហានដំបូង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការផលិតម៉ាស៊ីនកូនកាត់អ៊ីដ្រូសែន និងម៉ាស៊ូត។
ការធ្វើបច្ចុប្បន្នភាពរថក្រោះចម្បាំងរបស់កូរ៉េខាងត្បូង មានគោលបំណងចម្បងគឺផ្លាស់ប្តូរម៉ាស៊ីនសង្រ្គាមរបស់ខ្លួន ឱ្យស្ថិតនៅឆ្ងាយពីម៉ាស៊ីនចំហេះ ដែលប៉ះពាល់បរិយាកាស និងបង្កើនកំដៅភពផែនដី៕
ប្រភព៖ interesting engineering ប្រែសម្រួលដោយ៖ ឈឹម ទីណា