ម្ចាស់ឡាន៖ ស្វ័យបើកបរ Tesla ឃើញក្តាន់ហើយ នៅតែបើកបុក
បរទេស៖ គេហទំព័រ The Drive បានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយបានដកស្រង់ប្រភព ពីម្ចាស់ឡាន Tesla Model 3 រៀបរាប់ពីប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving ដែលបានសម្គាល់ថា មានសត្វក្តាន់មួយក្បាលរត់នៅលើដងផ្លូវ តែមិនបើកគេច ហើយបើកបុកមិនឈប់ថែមទៀតផង។
អ្នកប្រើប្រាស់បណ្តាញសង្គម X ឈ្មោះ Paul S បានបង្ហោះវីដេអូមួយ ថតបានពីកាមេរ៉ាមុខ នៃឡាន Tesla Model 3 របស់លោក ដោយបង្ហាញថា ឡានរបស់ខ្លួនបានបុកសត្វក្តាន់មួយក្បាល ក្នុងពេលប្រើប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving។ លោក Paul បានសារភាពថា នៅពេលយប់ ប្រព័ន្ធជំនួយអ្នកបើកបរ អាចពិបាក ក្នុងការមើលផ្លូវ ព្រោះមិនមានពន្លឺល្អ។ យ៉ាងណាក៏ដោយ ផ្លូវ និងសត្វក្តាន់ ហាក់ដូចជាមានពន្លឺជះគ្រប់គ្រាន់ ពីចង្កៀងមុខឡានរបស់លោក ប៉ុន្តែ Tesla របស់លោក នៅតែបើកទៅបុក គ្មានការចាប់ហ្វ្រាំង, មិនមានការបត់បែន គ្មានការជូនដំណឹង ហើយលោកម្ចាស់មិនបានឈប់ ដោយខ្លួនឯងបានទេ ទោះបីជាដឹងថា មានបញ្ហាក៏ដោយ។
កាសែត The Dirve បន្តថា «វាមិនច្បាស់ទេថា ហេតុអ្វីបានជាប្រព័ន្ធ Full Self-Driving មិនប្រឹងបញ្ចៀសសត្វក្តាន់ ឬ ដោយសារតែបច្ចេកទេសសម្គាល់លើអ្វីមួយ របស់ឡាន Tesla ខ្សោយពេល ទើបពិបាកក្នុងការកំណត់អត្តសញ្ញាណសត្វក្តាន់។
លោក Paul បញ្ជាក់ថា «ជួបប្រទះរឿងដ៏អាក្រក់បំផុត នៃសេវាកម្ម Tesla ឥឡូវនេះ..សូម្បីតែ មិនអាចទទួលបានការប៉ាន់ស្មាន សម្រាប់ការធានារ៉ាប់រង ហើយ ការណាត់ជួបវិញ ឆាប់បំផុត ក្នុងខែមករាឯណោះ»។
យ៉ាងណាមិញ ប្រភពថា រថយន្តបានទប់ខ្លួន បានយ៉ាងល្អ ក្នុងពេលបុកសត្វក្តាន់ ដោយមានការខូចខាតតិចតួចបំផុត ចំពោះកាងខាងមុខ និងកញ្ចក់ ប៉ុន្តែ អាចកាន់តែអាក្រក់ ប្រសិនបើសត្វក្តាន់ ធំជាងនេះ ឬ ប្រសិនបើជាអ្វីមួយ មិនមែនជាសត្វក្តាន់នោះ ដូចជា មនុស្សម្នាក់ ជាដើម៕
ប្រភពពី The Drive ប្រែសម្រួល៖ សារ៉ាត