ភ្នំ Fuji ជប៉ុន គ្មានព្រិលលើកដំបូងក្នុងពេល១៣០ឆ្នាំ

បរទេស៖ កំពូលភ្នំខ្ពស់បំផុត របស់ប្រទេសជប៉ុន ឈ្មោះ Fuji ជាធម្មតា ត្រូវបានគ្របដណ្តប់ដោយព្រិល នៅចាប់ពីដើមខែតុលា ប៉ុន្តែរហូតមកដល់ចុងខែតុលាឆ្នាំនេះ ភ្នំ Fuji ដ៏ល្បីល្បាញ របស់ប្រទេសជប៉ុន នៅតែមិនមានព្រិលធ្លាក់ ជាហេតុនាំឲ្យភ្នំជានិម្មិតរូបរបស់ជប៉ុនមួយនេះ អត់ព្រិលជាលើកដំបូង ក្នុងរយៈពេលជិត ១៣០ឆ្នាំ។

គិតត្រឹមថ្ងៃអង្គារ សប្តាហ៍នេះ កំពូលភ្នំនៅតែគ្មានព្រិល ខុសពីរាល់ឆ្នាំដែល ផ្ទាំងទឹកកកចាប់ផ្តើមមាននៅលើភ្នំ Fuji នៅថ្ងៃទី ២ ខែតុលា។ កាលពីឆ្នាំមុន គេកត់សម្គាល់ថាមានផ្ទាំងទឹកកកចាប់ផ្តើមកើតនៅថ្ងៃទី ៥ ខែតុលា យឺតជាងធម្មតា៣ថ្ងៃ។

ទីភ្នាក់ងារឧតុនិយមបាននិយាយកាលពីខែកញ្ញាថា រដូវក្តៅឆ្នាំនេះ បានបំបែកកំណត់ត្រាឆ្នាំ ១៨៩៨ ដែលជាឆ្នាំក្តៅបំផុតរបស់ជប៉ន។ យោងតាមការវិភាគពីក្រុមស្រាវជ្រាវ Climate Central បានឱ្យដឹងថា ជប៉ុននៅតែក្តៅខុសពីធម្មតា ដោយមានទីក្រុងចំនួន ៧៤ កត់ត្រាពីសីតុណ្ហភាព ៣០អង្សាសេ ឬខ្ពស់ជាងនេះ នៅក្នុងសប្តាហ៍ដំបូងនៃខែតុលា។

ស្ថានភាពបែបនេះ អាចជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ចំពោះកន្លែងពេញនិយមរបស់ពិភពលោកមួយនេះ។ ភ្នំ Fuji ដែលមានកម្ពស់ ៣,៧៧៦ម៉ែត្រ គឺជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ជាធម្មតា ភ្នំមួយនេះស្រោបដោយព្រិល ពេញមួយឆ្នាំ រហូតដល់រដូវឡើងភ្នំប្រចាំឆ្នាំ បើកក្នុងខែកក្កដា ស្វាគមន៍ភ្ញៀវរាប់លាននាក់ ដែលចង់ឡើងភ្នំទៅកំពូល ឬ មើលថ្ងៃរះ ពីជម្រាលភ្នំ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner