រដ្ឋមន្ដ្រីកសិកម្ម៖ អនុស្សរណៈជាមួយក្រុមហ៊ុនបៃតងកម្ពុជា នឹងជួយរក្សាស្ថេរភាពថ្លៃស្រូវអង្ករ នាប៉ែកពាយ័ព្យ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយដៃគូចំនួន២ គឺក្រុម​ហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ (WWF)ក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទីស្តីការក្រសួង។

​សំដៅទៅលើផ្លែផ្កានៃអនុស្សរណៈ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពណ៌នាថា ជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាពថ្លៃ​វិស័យ​ស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មីជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំណេញ ទាំងកសិករ និងអ្នកប្រើប្រាស់។
ឯកឧត្តម​រដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដៃគូអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរួមឆន្ទៈរួមធនធាន រុញវិស័យកសិកម្ម​កម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មាន​ទុនក្នុងការ​វិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជា​ឱ្យកាន់តែមានសក្តានុពលក្នុង​ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងបានសហការជាមួយដៃគូ WWFនិងដៃ​គូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទ​ល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យដ៏​ធំសម្រាប់​ក្រសួងកសិកម្ម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ​នូវការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ និងអាជ្ញាធរថ្នាក់​ក្រោម​ជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ទីនោះ​ដើម្បីបង្កើនការយល់ដឹងពីការថែរក្សាការពារធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ៕
ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner