មេហេបូឡាសថ្មីព្រមានបញ្ជូន Drone ចូលដល់បន្ទប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បរទេស៖ លោក Naim Qassem ដែលទើបត្រូវបានតែងតាំង ជាមេដឹកនាំថ្មី របស់ក្រុមសកម្មប្រយុទ្ធ ហេបូឡាស បាននិយាយថា ក្រុមរបស់ខ្លួនកំពុងងើបឡើងវិញ ក្រោយពីការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល រួមទាំង ការសម្លាប់អតីតមេដឹកនាំមុន គឺលោក Hasan Nasrallah ក្នុងនោះ បានព្រមានថា យន្តហោះគ្មានមនុស្សបើក ឬ Drone អាចហោះចូលទៅដល់បន្ទប់ នាយករដ្ឋមន្រី្តអ៊ីស្រាអែល តែម្តង។
លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថាលើកដំបូង បន្ទាប់ពីឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃពុធថា ក្រុមហេសបូឡា បានចាប់ផ្តើមងើបឡើងវិញ ដោយការបំពេញចន្លោះប្រហោង និង ចាប់ផ្តើមការងារ រៀបចំអ្វីៗគ្រប់យ៉ាង ក្រោយការធ្វើព្យុះភ្លៀងបន្តបន្ទាប់ ពីសំណាក់អ៊ីស្រាអែល។
លោក Qassem បាននិយាយថា «ពួកសត្រូវ! ត្រូវតែដឹងថា ការទម្លាក់គ្រាប់បែករបស់អ្នក ទៅលើភូមិ និងទីក្រុងរបស់យើង នឹងមិនធ្វើឱ្យយើង ដកថយទេ ហើយការតស៊ូ គឺកាន់តែខ្លាំង ហើយអាចបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅកាន់បន្ទប់ របស់លោក Netanyahu»។ លោក Netanyahu ដែលគេស្គាល់ថា ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
លោក Qassem បាននិយាយថា «លោក Netanyahu បានរស់រានមានជីវិត នៅពេលនេះ ប៉ុន្តែ ប្រហែលជាពេលវេលារបស់គាត់ មិនទាន់មកដល់ទេ»។ លោក Qassem បាននិយាយទៀតថា «ប្រហែលជាជនជាតិអ៊ីស្រាអែល នឹងសម្លាប់គាត់ ប្រហែលជាក្នុងអំឡុងពេលសុន្ទរកថា របស់គាត់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត