សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី ៤ និង កីឡាជាតិជនពិការ លើកទី ២ នេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡា ជាដើម។

សមិទ្ធផលជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបានមេដាយពីការប្រកួតសរុបចំនួន ២៨២គ្រឿង ដោយឈរលេខរៀងទី៤ ក្នុងចំនួន ១១ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា ទទួលបានមេដាយសរុប ៧៣គ្រឿង ដោយឈរលេខរៀងទី៨ ក្នុងចំនួន ១១ប្រទេស ក្នុងតំបន់អាស៊ាន។

សម្តេចបវរធិបតី បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី២ នេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី ៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ នៅឆ្នាំ ២០២៩។

ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និង គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចធិបតី បានបន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ ២០២៩ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner