ទឹកជំនន់ភ្លាមៗផ្តាច់ជីវិតអេស្ប៉ាញជិត ១០០នាក់

បរទេស៖ ប្រទេសអេស្ប៉ាញកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៩៥នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ ដែលបានធ្វើឲ្យមានទឹកភក់ ឆ្លងកាត់ទីប្រជុំជន, ឡានក្រឡាប់ពេញផ្លូវ និងបង្កគ្រោះថ្នាក់ ដល់ការដឹកជញ្ជូន។

ក្រុមអ្នកជួយសង្គ្រោះជឿថា នឹងរកឃើញសាកសពបន្ថែមទៀត នៅក្នុងគ្រោះទឹកជំនន់ ដ៏សាហាវបំផុត ពុំធ្លាប់មាន ក្នុងពេល៥០ឆ្នាំ របស់ប្រទេសអ៊ឺរ៉ុប មួយនេះ។ ការកាន់ទុក្ខ ជាផ្លូវការ រយៈពេលបីថ្ងៃ ត្រូវចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ។

ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង បានបោកបក់លើប្រទេសអេស្ប៉ាញ ចាប់តាំងពីដើមសប្តាហ៍នេះ បន្ទាប់ពីកើតមានព្យុះ នៅលើសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងភ្លៀងធ្លាក់ រយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ជន់លិចតំបន់ មួយចំនួន។

ការខូចខាតបណ្តាញទូរស័ព្ទ និងផ្លូវដែលជន់លិច រារាំងកិច្ចខិតខំប្រឹងប្រែង មិនអាចឲ្យទៅដល់សហគមន៍ដែលរងគ្រោះ នៅក្នុងតំបន់ Valencia។ ផ្ទះចំនួន ១៥៥,០០០ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ Valencia ដោយសារតែព្យុះ។ ក្រុមហ៊ុនថាមពល Iberdrola បាននិយាយថា ខ្លួនបានបញ្ជូនកម្មករចំនួន ៥០០នាក់ ទៅស្តារថាមពលអគ្គិសនីឡើងវិញ នៅទីនោះ។

រដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា ទាហានជាង ១,០០០នាក់ ដែលគាំទ្រ ដោយឧទ្ធម្ភាគចក្រ កំពុងត្រូវបានដាក់ពង្រាយ ជួយអន្តរាគមន៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner