សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០នាទីព្រឹក ដែលមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។
៣- ផ្សេងៗ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយ គឺ ស្ដាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ