រុស្ស៊ីពិន័យ Google លើស GDP ពិភពលោកសរុប ព្រោះការប្លុកយូធូប

បរទេស ៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា ទទួលរងការផាកពិន័យពីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ ១១០ពាន់ពាន់ដុល្លារអាមេរិក ដែលច្រើនជាង GDP សរុបរបស់ពិភពលោក ពោលគឺបន្ទាប់ពី Google បានលុបគណនី ដែលគ្រប់គ្រងដោយរដ្ឋ និងគាំទ្ររដ្ឋាភិបាលរុស្ស៊ី ចេញពី YouTube ។

ទំហំនេះត្រូវបានប៉ាន់ស្មានដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានរាយការណ៍ថា ការផាកពិន័យ ក៏នៅតែកើនឡើងទៀត ដោយសារតែការមិនបង់ប្រាក់ពិន័យ ហើយប្រសិនបើមិនបានបង់ ក្នុងរយៈពេលប្រាំបួនខែ នឹងចាប់ផ្តើមកើនឡើងទ្វេដង។

យោងតាម RBC News របស់រុស្សី បានឱ្យដឹងថា ចំនួនទឹកប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើនឡើងដោយសារតែ Google មិនបានស្ដារគណនី YouTube ដែលជាកម្មសិទ្ធិ របស់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី ចំនួន ១៧ ។

ប្រភពបានអះអាងថា ចៅក្រមក្នុងសំណុំរឿងនេះ បាននិយាយ នៅក្នុងសវនាការចុងក្រោយមួយ កាលពីថ្ងៃទី ២៨ ខែតុលា ថា ខ្លួនកំពុងពិចារណា លើរឿងក្តីមួយ ដែលមានការផាកពិន័យដ៏ច្រើនលើសលុប។ តាមសេចក្តីរាយការណ៍ថា Google អាចត្រឡប់ទៅទីផ្សាររុស្ស៊ីវិញបាន លុះត្រាតែគោរពតាមសេចក្តីសម្រេចរបស់តុលាការ។

RBC បានរាយការណ៍ថា ករណីនេះត្រូវបានផាក ជាលើកដំបូង ក្នុងឆ្នាំ ២០២០ បន្ទាប់ពីគណនី របស់ប៉ុស្តិ៍ទូរទស្សន៍ Tsargrad និង RIA FAN ត្រូវបានបិទ ដោយសារតែច្បាប់ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ បន្ទាប់មក វាបានកើនឡើងបន្តបន្ទាប់ ក្រោយពេលចាប់ផ្តើមសង្រ្គាមអ៊ុយក្រែន ដោយពេលនោះ YouTube បានបិទគណនីដែលជាកម្មសិទ្ធិរបស់ Sputnik និង RT។ បន្ទាប់មក គណនីរបស់អាជ្ញាធររុស្ស៊ី ក៏រងការបិទដែរ៕

ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner