វៀតណាមស្នើប្រើតាក់ស៊ីហោះដឹកអ្នកទេសចរ

បរទេស៖ ទីក្រុងឆ្នេរ Quy Nhon នៃខេត្ត Binh Dinh ភាគកណ្តាល ប្រទសវៀតណាម បានស្នើអោយមាន «តាក់ស៊ីហោះ» ដើម្បីជំរុញទេសចរណ៍ និងលើកកំពស់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ នេះបើតាមការចុះផ្សាយ របស់កាសែត VNexpress កាលពីថ្ងៃពុធ។

គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ទើបតែបានស្នើសុំឱ្យក្រសួងដឹកជញ្ជូន ជួយសម្រួលទទួលបានការយល់ព្រមពីនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឱ្យសាកល្បងប្រើប្រាស់ នូវយន្តហោះបញ្ឈរឡើងលើ និងចុះចត ហៅកាត់ eVTOL ។ យន្តហោះទាំងនេះ ត្រូវបានគេស្គាល់ថា ជាតាក់ស៊ីហោះ ហើយត្រូវបានគេមើលឃើញថា ជាជម្រើសដឹកជញ្ជូន ដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់អ្នកទេសចរ។

យោងតាមគណៈកម្មាធិការ បានឲ្យដឹងថា eVTOLs ដែលអាចផ្ទុកអ្នកដំណើរបាន ពី៤ ទៅ៥នាក់ គឺស្រដៀង នឹងឧទ្ធម្ភាគចក្រ ប៉ុន្តែ ដំណើរការដោយថាមពលអគ្គិសនី។ តាក់ស៊ីហោះ ដែលបានស្នើឡើង នឹងផ្តល់ជូនភ្ញៀវទេសចរ នូវទិដ្ឋភាពពីលើអាកាសនៃទេសភាព និងភាពទាក់ទាញ របស់ខេត្ត Binh Dinh ខណៈពេលដែលវានឹងរួមចំណែក ដល់គោលដៅបរិស្ថានរបស់ខេត្ត ដោយកាត់បន្ថយការបំភាយឧស្ម័នពុល បើប្រៀបធៀបទៅនឹងរថយន្ត និងរថភ្លើងប្រពៃណី។

បើតាម VNexpress បានឲ្យដឹងថា គណៈកម្មាធិការបាននិយាយថា ការសាកល្បងនេះគឺដើម្បីវាយតម្លៃពីលទ្ធភាព នៃយានជំនិះ ដែលជារឿងគឺចាំបាច់ ហើយក្របខ័ណ្ឌច្បាប់ចាំបាច់ ត្រូវតែបង្កើតឡើង មុននឹងដំណើរការជាផ្លូវការ។ ប្រភពបន្តថា ប្រទេសជាច្រើន រួមទាំងចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងកូរ៉េខាងត្បូង បច្ចុប្បន្ន កំពុងស្រាវជ្រាវការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យា តាក់ស៊ីហោះ eVTOL ប្រភេទនេះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner