គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើសំណើរសុំប្រកាសទទួលស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១-អង្គប្រជុំបានអនុម័តលើសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
២ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ