អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការបង្កើតចលនាផ្តួលរំលំរដ្ឋាភិបាលដោយយកគំរូតាមប្រទេសបង់ក្លាដែស គឺជាផែនការដណ្តើមអំណាច, អំពើនេះ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា បានមានប្រសាសន៍ថា ការបង្កើតចលនាផ្តួលរំលំរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសបង់ក្លាដែសនេះ គឺជាផែនការដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អំពើនេះ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ចំណែកបុគ្គលទាំងឡាយដែលចូលរួមក្នុងគម្រោងនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។

ជាមួយនឹងករណីនេះដែរ កាលពីថ្ងៃទី៣០ ខែតុលា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍ ប្រកាសប្រឆាំងដាច់ខាតជុំវិញការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូ ធ្វើដូចបង់ក្លាដែស ពីសំណាក់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋម្តងហើយម្តងទៀត ក្នុងគោលដៅប្រមូលលុយអ្នកគាំទ្រមកចែកគ្នាចាយតែប៉ុណ្ណោះ ដែលការបង្កើតចលនាខុសច្បាប់របស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ គ្រាន់តែជាការយល់សប្តិ និងជាស្រមោលនៃចលនាក្លែងក្លាយ ព្រមទាំងបង្កប់ក្នុងចេតនាញុះញង់ឆបោកអ្នកគាំទ្របក្ខពួកជ្រុលនិយមខ្លួនមួយក្តាប់តូច ឱ្យដើរតាមក្នុងសកម្មភាពខុសច្បាប់ បង្កជាភាពអាណាធិបតេយ្យ ប៉ះពាល់ដល់សន្តិសុខជាតិ និងបំផ្លាញដល់សន្តិភាពដែលរកបានដោយលំបាក។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពនៃចលនាខុសច្បាប់ ដែលត្រៀមបង្កើតឡើងដោយ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ដែលចលនាថ្មីនេះ ជាការទាញភ្ជាប់នឹងព្រឹត្តិការណ៍ផ្តួលរំលំរដ្ឋាភិបាលធ្វើដូចនឹងបង់ក្លាដែស គឺគ្រាន់តែជារូបភាពដែលប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ វាជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃច្បាប់ជាតិ ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានធានាការពារដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារឲ្យបាននូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី ការពារឲ្យបាននូវសន្តិភាព និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ មិនអាចឱ្យជនណា ឬជនបរទេសណាមកបំពារបំពានផ្ទុយអំពីគោលការណ៍ច្បាប់ ស្របតាមឆន្ទៈប្រជាពលរដ្ឋបានជាដាច់ខាត៕
ដោយ៖ពលជ័យ

ads banner