ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) និង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ (ក.ផ.ក.) នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី​និងជា​ហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពី​កិច្ចសហ​ប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋា​រចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក.ស.ប. និង ក.ផ.ក. សរុបចំនួនប្រមាណ ២៥០ នាក់។

អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៤ សំខាន់ៗ ដូចខាងក្រោម៖

  1. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់​ឯកសារ​​ចេញដោយ ក.ស.ប. និង ក.ផ.ក. ដើម្បីលុបបំបាត់ការក្លែងបន្លំ។
  2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង ក.ស.ប. និង ក.ផ.ក.
  3. ការសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល រួមមាន៖
    ៣.១. ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើប្រាស់នៅ ក.ស.ប.៖
  • ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh
  • ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh
  • ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record/EMR) និង
  • ការបំពាក់ឧបករណ៍ឌីជីថលជូនមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យរាជធានី ខេត្តក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់សម្រាប់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាម​ប្រព័ន្ធអនឡាញ និងឈានទៅពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ទៀត។

៣.២. ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅ ក.ផ.ក.។

  1. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនដល់មន្ត្រីរាជការនៃ ក.ស.ប. និង ក.ផ.ក. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការ​បំពេញ​តួនាទីនិងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។

ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប​ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់​រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណង​លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ​នានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាម​រយៈការ​ដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើ​ប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការ​ធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner