របាយការណ៍ CIWG បង្ហាញពីសត្វត្រយងនៅកម្ពុជាមានចំនួន ច្រើនជាងគេ​នៅលើពិភពលោក

(ភ្នំពេញ)៖ សត្វត្រយងយក្សជាបក្សីនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិរក្ស ប្រភេទសត្វនេះ ឱ្យនៅគង់ វង្ស​យូរអង្វែង ។ ចំណែកសត្វត្រយងចង្កំកស ជាសត្វដ៏កម្រមួយ​ទៀត​ដែល​មាន​វត្តមានច្រើននៅកម្ពុជាផងដែរ។

របាយការណ៍ពីក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG)បានបង្ហាញថាសត្វត្រយងចង្កំកស ជាសត្វដ៏កម្រ មួយរបស់កម្ពុជាដែលបច្ចុប្បន្ននេះ មានចំនួន រហូត​ដល់ ៧៨៤ក្បាល ស្មើនិង ៨៧ទៅ៩៥ភាគរយ នៃចំនួន ពិភពលោក ។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG) នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បាន ចេញផ្សាយពីរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួនដោយរំលេចពីការ ខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វត្រយងចង្កំកសកន្លងមក ដែលក្នុងនោះ​មានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូង​សម្រាប់កម្ពុជាក៏ដូចជាសំរាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង ៤០សំបុក។

សម្រាប់ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំង​ពីការ​កើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វ​ត្រយងចង្កំកស​ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល​បានហើរចេញពីសំបុកដោយជោគជ័យ។

របាយការណ៍ខាងលើនេះបានបញ្ជាក់ថាសត្វត្រយងចង្កំកសមានសរុបចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ហើយក៏បានបង្ហាញពីភាពជោគជ័យនៃការអភិរក្សសត្វប្រភេទនេះផងដែរ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ទាក់ទិនទៅនឹងរឿងនេះថា៖សម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះនៅកម្ពុជាមានចំនួនច្រើនជាងគេឬស្មើជាង៩០ភាគរយទៅហើយ ដែលនេះបង្ហាញពីមោទនភាពរបស់យើងដែលមានសត្វដ៏កម្រ និងជិតផុតពូជ ដោយយើងអាចរក្សាបានគង់វង្សសម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សពិភពលោក។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា “ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំ​ប្រឹង​ប្រែង​ជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែល​ភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យ​នៃកិច្ចខិតខំប្រឹង​ប្រែង​អភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធន​ធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្ស សត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាន នៃប្រទេសកម្ពុជា រួមមានក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌល គិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការ រស់រានមាន ជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ ។

សូមបញ្ជាក់ថា សត្វត្រយងយក្ស ជាប្រភេទសត្វដែលងាយរងគ្រោះបំផុតលើពិភព លោក ។ សត្វត្រយងយក្សនេះត្រូវបានកម្ពុជាកំណត់ការពារដោយច្បាប់ និងជាសត្វ តំណាងជាតិកម្ពុជាផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner