មន្រ្តីធនាគារជាតិ លើកទឹកចិត្តឱ្យចេះសន្សំប្រាក់ ដើម្បីខ្លួនឯង និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ
(កំពង់ស្ពឺ)៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនចេះសន្សំប្រាក់ ជាពិសេស ជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុផ្លូវការ ដែលវានឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាប្រភព មូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ របស់វិនិយោគិនក្នុងប្រទេស។
លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា បានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់ តាំងពីវ័យកុមារ» នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ តុលា ថា ការសន្សំប្រាក់ គឺជាសំណាញ់ហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលឥតបានព្រៀងទុក នាពេលអនាគត ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រង ហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាន នូវស្ថិរភាពហិរញ្ញវត្ថុ។ បញ្ហានេះ យើងអាចសន្សំប្រាក់ នៅតាមផ្ទះ ក្នុងទូដែកសុវត្ថិភាព ឬក្នុងកូនជ្រូកសន្សំជាដើម ប៉ុន្តែការសន្សំ ដែលល្អប្រពៃនោះ គឺការសន្សំ ប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលហៅថា “ប្រាក់បញ្ញើសន្សំ” ។
លោក លើកឡើងបន្ថែមថា ការដាក់ប្រាក់បញ្ញើសន្សំ នៅតាមគ្រឹះស្ថានផ្លូវការ នាំឱ្យយើងនូវអត្ថប្រយោជន៍ ជាច្រើនដូចជា៖ ផ្តល់នូវការថែរក្សា និងការពារប្រាក់សន្សំ របស់យើងប្រកបដោយសុវត្ថិភាព, ផ្តល់នូវចំណូលការប្រាក់សន្សំបន្ថែម, ទទួលបាននូវកិច្ច ការពារតាមផ្លូវច្បាប់, និងផ្តល់លទ្ធភាពដល់ការរៀបចំ គម្រោងហិរញ្ញវត្ថុ សម្រាប់អនាគតច្បាស់លាស់។ លើសពីនេះ នៅពេលយើងសន្សំ ជាមួយគ្រឹះស្ថានផ្លូវការ មានន័យថា យើងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសារប្រាក់បញ្ញើសន្សំទាំងនេះ គឺជា ប្រភពមូលធនដ៏សំខាន់មួយ សម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស ។
ដោយមើលឃើញអំពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការជំរុញវប្បធម៌សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលមានទិសដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានគុណភាពកាត់បន្ថយអត្រាស្រី្ត ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរទ្បើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ យុទ្ធសាស្ត្រជាតិនេះ ក៏ផ្តោតលើ ការលើកទឹកចិត្ត និងការជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការសន្សំជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើផងដែរ។
ក្នុងន័យនេះ លោក ឡាយ សុខហេង បានធ្វើការលើកទឹកចិត្តដល់សាធារណជន ធ្វើការសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដោយសូមគិតថា “ការបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ អាចនឹងពិបាក ប៉ុន្តែផលដែលទទួល បានពីការសន្សំនេះ ពិតជាមានតម្លៃ”។ ទម្លាប់សន្សំទៀងទាត់ ទោះតិចក្តី ឬច្រើនក្ដី នឹងជួយយើងបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត សម្រាប់យើងខ្លួនឯង និងមនុស្សជាទីស្រលាញ់។
លោកក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាព នៃការផ្ដល់សេវាហិរញ្ញវត្ថុ ស្របតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព និង ទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិត្ត ពីសាធារណជនបន្ថែមទៀត៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត