UN ៖ សង្គ្រាមសម្លាប់កុមារម្នាក់ជាប្រចាំថ្ងៃ នៅលីបង់
បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានអះអាងថា នៅក្នុងប្រទេសលីបង់ សង្គ្រាមបានសម្លាប់កុមារម្នាក់ នៅក្នុងមួយថ្ងៃ អំឡុងរយៈពេលមួយខែ កន្លងមកនេះ។
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមអ៊ីស្រាអែល-ហេសបូឡាហ៍ បានសម្លាប់កុមារ យ៉ាងហោចណាស់ម្នាក់ ក្នុងមួយថ្ងៃ នៅប្រទេសលីបង់។
អង្គការ UNICEF បានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី ៤ ខែតុលា យ៉ាងហោចណាស់ កុមារម្នាក់ បានស្លាប់ និង ១០នាក់បានរងរបួស ជារៀងរាល់ថ្ងៃ» ដោយបន្ថែមទៀតថា «សង្រ្គាមដែលកំពុងបន្ត នៅក្នុងប្រទេសលីបង់ កំពុងធ្វើជីវិតកុមារ មិនអាច់រស់នៅបាន»។
សង្រ្គាមនៅក្នុងប្រទេសលីបង់បានចាប់ផ្តើមផ្ទុះខ្លាំង កាលពីចុងខែកញ្ញា ពោលគឺ បន្ទាប់ពីជិតមួយឆ្នាំ ដែលក្រុមហេសបូឡាហ៍ បានបាញ់ឆ្លងព្រំដែនកម្រិតទាប ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់ ក្រោយការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ លើទឹកដីអ៊ីស្រាអែល។
សង្គ្រាមបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១,៧៥៤នាក់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នេះបើយោងតាមតួលេខរបស់ AFP ទទួលបានពីក្រសួងសុខាភិបាល ទោះបីជាចំនួនពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត